បរទេស ៖ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា យោធា នៃប្រទេសអ៊ីរ៉ង់ នៅថ្ងៃអាទិត្យនេះ បានប្រារព្ធធ្វើសមយុទ្ធប្រចាំ ឆ្នាំមួយ នៅជិតច្រកតំបន់ ឈូងសមុទ្រ ក្នុងពេលត្រឹមតែពីរ បីសប្ដាហ៍ មុនការបន្តធ្វើកិច្ច ពិភាក្សាគ្នាឡើងវិញ រវាងទីក្រុងតេអេរ៉ង់ និងមហាអំណាច ពិភពលលោក ដើម្បីស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ ។
លោកឧត្តមនាវី Mahmoud Mousavi ជាមន្ត្រីនាំពាក្យសម្រាប់ សមយុទ្ធ Zolfaqar-1400 នោះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ ទូរទស្សន៍រដ្ឋយ៉ាងដូច្នេះថា “សមយុទ្ធយោធា នៅក្នុងតំបន់ឆ្នេររបស់អ៊ីរ៉ង់ ស្ថិតនៅតាមតំបន់ឈូង សមុទ្រអូម៉ង់ គឺដើម្បីបង្ហាញអំណាចយោធារបស់ប្រទេស និងការត្រៀមលក្ខណៈជាស្រេច ក្នុងការប្រឈមមុខ នឹងសត្រូវរបស់យើង” ។
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា សមយុទ្ធនេះ គ្របដណ្ដប់លើតំបន់ ពីផ្នែកភាគខាងកើត នៃច្រកសមុទ្រ Hormuz ទៅដល់ផ្នែកខាងជើង នៃមហាសមុទ្រ ឥណ្ឌា និងផ្នែក នៃសមុទ្រក្រហម ។ ប្រេងប្រហែល១ភាគ៥ ដែលប្រើប្រាស់ ក្នុងពិភពលោក គឺឆ្លងកាត់តាមច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz នៅតំបន់ឈូងសមុទ្រ ។
គួរបញ្ជាក់ថា ការប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់ បានកើតមានឡើងរវាងយោធា នៃប្រទេសអ៊ីរ៉ង់ និងកងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងតំបន់ឈូងសមុទ្រ ចាប់តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ជាពេលដែលអតីតប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ ដកអាមេរិក ចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែ និងបានដាក់ទណ្ឌកម្ម ជាថ្មីលើអ៊ីរ៉ង់ ៕ ប្រែសម្រួល៖ប៉ាង កុង