ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញ ពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យ ដ៏ពិតប្រាកដនៅកម្ពុជា ។
នេះជាប្រសាសន៍របស់សម្តេចតេជោបង្ហោះក្នុងហ្វេសប៊ុក ក្រោយសម្តេចបានអញ្ជើញចូលរួមអបអរសាទរទិវាបុណ្យឯករាជ្យជាតិលើកទី៦៨ នាព្រឹកថ្ងៃ៩ វិច្ឆិកា ។
ខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១)គឺជាថ្ងៃកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៦៨ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។
ពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦៨ នៅវិមានឯករាជ្យ គឺក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា។
ព្រះរាជពិធីផ្លូវការនៃទិវាបុណ្យឯករាជ្យជាតិលើកទី៦៨នេះ គឺមានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ត្រីព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្រ្តីរាជការ យុវជន យុវតី សិស្សានុសិស្ស និងមហាជនជាច្រើនទៀត៕