បរទេស៖រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian បាននិយាយថា វាជារឿងបន្ទាន់ដែលត្រូវតែបន្តឡើងវិញ នូវកិច្ចពិភាក្សាគ្នាជាមួយប្រទេសអ៊ីរ៉ង់ ដោយផ្អែកលើអ្វីដែលត្រូវបានចរចាគ្នារហូតមកដល់ថ្ងៃទី២០ ខែមិថុនា ជាពេលដែលប្រទេសអ៊ីរ៉ង់ផ្តាច់ការចរចា។
សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសបារាំងនេះ គឺត្រូវបានចេញដោយមន្ត្រីនាំពាក្យក្រសួងការបរទេសបារាំងមួយរូប ក្រោយលោក Jean-Yves Le Drian បានប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian ក្នុងកិច្ចប្រឹងប្រែងបន្តកិច្ចចរចាអន្តរជាតិដែលជាប់គាំង។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការបរទេសបារាំងរូបនោះ បាននិយាយថា លោករដ្ឋមន្ត្រីការបរទេសរបស់ប្រទេសបារាំង ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់សម្រាប់ប្រទេសអ៊ីរ៉ង់ ធ្វើសហប្រតិបត្តិការពេញលេញ ជាមួយអង្គការនុយក្លេអ៊ែ AIEA ផងដែរ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉់ង ដែលបានធ្វើឡើងជាមួយមហាអំណាចពិភពលោកកាលពីឆ្នាំ២០១៥ ដែលរួមមានទាំងសហរដ្ឋអាមេរិកផងដែរនោះ គឺត្រូវបានអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបោះបង់ចោលកាលពីឆ្នាំ២០១៨ និងបានធ្វើការដាក់ទណ្ឌកម្មឡើងវិញលើប្រទេសអ៊ីរ៉ង់៕ប្រែសម្រួល៖ប៉ាង កុង