ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្តេជ្ញាបង្កើនសមត្ថភាព ការពារជាតិ ទោះបីមានទណ្ឌកម្ម អាមេរិកក៏ដោយ

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir Abollahian បានរំលឹកឡើងវិញនូវគោលនយោបាយ ការពារប្រទេសរបស់លោក ដោយលើកឡើងថា សាធារណរដ្ឋអ៊ីស្លាមនឹងបន្តបង្កើន អំណាចការពាររបស់ខ្លួន បើទោះបីជាសហរដ្ឋអាមេរិក មាន “ទណ្ឌកម្មមិនស្ថាបនា” ក៏ដោយ។

លោក Amir Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីបារាំងលោក Jean-Yves Le Drian នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោកបានលើកឡើងថា កម្មវិធីការពារជាតិ គឺជាសិទ្ធិអធិបតេយ្យភាព របស់ប្រទេសណាមួយ ហើយ “ដោយមិនយកចិត្តទុកដាក់ ចំពោះអាកប្បកិរិយាមិនស្ថាបនា នៃការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក យើងនឹងបន្តបង្កើនសមត្ថភាព ការពាររបស់ប្រទេសរបស់យើង”។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបន្ដថា អ៊ីរ៉ង់ស្វែងរកវិធីសាស្រ្ត ប្រកបដោយប្រសិទ្ធភាព និងតម្រង់ទិសលទ្ធផល នៅក្នុងកិច្ចចរចានុយក្លេអ៊ែរ នាពេលខាងមុខ ដោយសំដៅដល់ការបន្តកិច្ចចរចា ស្តីពីការរស់ឡើងវិញនៃផែនការ សកម្មភាពទូលំទូលាយរួម (JCPOA) ដែលគ្រោងនឹងចាប់ផ្តើម នៅថ្ងៃទី២៩ ខែវិច្ឆិកា នៅទីក្រុងវីយែននៃប្រទេសអូទ្រីស។

លោកបានកត់សម្គាល់ថា អ៊ីរ៉ង់កំពុងស្វែងរក “កិច្ចព្រមព្រៀងដ៏ល្អមួយ” ប៉ុន្តែនេះតម្រូវឱ្យមានលក្ខខណ្ឌ រួមទាំងការវិលត្រឡប់ ទៅកាន់កិច្ចការរបស់ភាគីផ្សេងទៀត និង ការដកទណ្ឌកម្មដ៏មាន ប្រសិទ្ធភាពប្រឆាំងនឹងអ៊ីរ៉ង់”។

លោក Amir Abdollahian ក៏បានសំដៅទៅលើការដាក់ទណ្ឌកម្មថ្មី របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ដោយហៅការផ្លាស់ប្តូរនេះថា ជាភស្តុតាងសម្រាប់ការបន្ត “មិនទុកចិត្ត” របស់អ៊ីរ៉ង់ចំពោះសហរដ្ឋអាមេរិក។

លោកបានសង្កត់ធ្ងន់ថា មានតម្រូវការសម្រាប់ សហរដ្ឋអាមេរិកដើម្បី “ផ្តល់ការធានា” មិនឱ្យដាក់ទណ្ឌកម្មបន្ថែមទៀត ដោយការរំលោភលើកិច្ចព្រមព្រៀង ដែលអាចកើតមាន និងការផ្ទៀងផ្ទាត់ប្រកប ដោយប្រសិទ្ធភាព នៃការដកទណ្ឌកម្ម ដែលបានដាក់ចេញ” ៕

ដោយ ឈូក បូរ៉ា

To Top