ព័ត៌មានអន្តរជាតិ

គម្រោងបង្កើតទីក្រុង Chinatown របស់ចិននៅ មីយ៉ាន់ម៉ា មិនបានបង្កើតការងារ ឱ្យអ្នកស្រុកដើម ខណៈតម្លៃដី ក៏លក់បានថោក

បរទេស៖ គម្រោងមួយក្នុងចំណោម គម្រោងដ៏អស្ចារ្យ និងចម្រូងចម្រាស់ បំផុតមួយរបស់គម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់សាធារណរដ្ឋ ប្រជាមានិតចិន គឺជាការអភិវឌ្ឍទីក្រុងដ៏ធំមួយដែលកំពុងកើនឡើង នៅក្នុងតំបន់ដាច់ស្រយាលមួយនៅ តាមបណ្តោយដងទន្លេ Moei នៅផ្នែកជាប់ព្រំដែន រវាងប្រទេស មីយ៉ាន់ម៉ា ជាមួយប្រទេសថៃ។ ជាមួយនឹងការសន្យានៃការងារក្នុងស្រុក និងលំហូរចំណូល ថេរពីភ្ញៀវទេសចរ អ្នកដឹកនាំគម្រោងនេះចាត់ទុកជាតំបន់ដែលមាន សក្តានុពលខ្លាំង សម្រាប់តំបន់ដែលត្រូវការសាច់ប្រាក់ខ្លាំង។

យោងតាមសារព័ត៌មាន IPDForum ចេញផ្សាយកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា អ្នកជំនួញក្នុងស្រុកនៅក្នុង ប្រទេសមីយ៉ាន់ម៉ា និងថៃ បានមើលឃើញថា កម្លាំងពលកម្មដែលនាំចូលកំពុង បង្អាក់ការងារដែលបានសន្យា ហើយថា គម្រោងនេះអាចគំរាមកំហែងដល់លទ្ធភាព ជោគជ័យនៃអាជីវកម្មដែលបានបង្កើត ឡើងនៅសងខាងទន្លេ។

គម្រោងដែលមានទឹកប្រាក់ ១៥ ពាន់លានដុល្លារអាមេរិក ដែលត្រូវបានហៅដោយប្រជាជនក្នុងស្រុកថា “ គុកកូ” ឬ “Chinatown” ត្រូវបានដាក់ឱ្យដំណើរការ កាលពីខែមេសា ឆ្នាំ ២០១៧ ហើយកំពុងស្ថិតក្នុងការសាងសង់ នៅឡើយ។ វានឹងរួមបញ្ចូលទាំងគេហដ្ឋានប្រណីត សណ្ឋាគារ រោងចក្រ ផ្សារទំនើប ទីលានវាយកូនហ្គោល កាស៊ីណូ និងអាកាសយានដ្ឋាន។ នេះបើយោងតាមរបាយការណ៍ក្នុង កាសែតបាងកកប៉ុស្តិ៍។

ព្រំប្រទល់ និងគម្រោង ត្រូវបានគ្រប់គ្រងដោយវរសេនីយ៍ឯក Saw Chit Thu ដែលជាមេបញ្ជាការជាន់ខ្ពស់ជនជាតិភាគតិចការ៉ែនក្នុងតំបន់ ដែលបានឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយយោធាភូមា និងបានផ្លាស់ប្តូរអង្គភាពប្រដាប់អាវុធរបស់គាត់ទៅជាមន្រ្តីកងការពារព្រំដែន (BGF) ដែលត្រូវបានទទួលស្គាល់ជាផ្លូវការក្នុងឆ្នាំ ២០១០ ។ ប្រាក់វិនិយោគបានមកពីក្រុមហ៊ុន Jilin Yatai International Holding Group របស់ប្រទេសចិន។ នេះបើយោងតាមរបាយការណ៍មួយនៅក្នុងកាសែត Frontier Myanmarmagazine.Chit Thu ហើយក្រុមហ៊ុនចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូកាលពីខែកញ្ញាឆ្នាំ ២០១៨ ។

ខណៈដែលចំនួនកម្មករចិនដែលត្រូវបាន នាំចូលមកសាងសង់គម្រោងដែលមានទំហំ ៧២.៨៤៣ ហិកតា គឺជាការសម្ងាត់ដែលត្រូវបានការពារ យ៉ាងដិតដល់, ប្រជាជនក្នុងតំបន់បាននិយាយថា ពួកគេកំពុងត្រូវបានបដិសេធចំពោះ ការងារដែលបានសន្យា។ អ្នកខ្លះទៀតបាននិយាយថា ពួកគេ (ប្រជាជនមីយ៉ាន់ម៉ា) មានអារម្មណ៍តានតឹងជាមួយនឹងប្រជាជនចិនដ៏ច្រើននៅ ក្នុងទីក្រុងរបស់ពួកគេ ហើយពួកគេបារម្ភថា កិច្ចប្រឹងប្រែងមួយដើម្បីសាងសង់កាស៊ីណូ និងកន្លែងកម្សាន្តពេលយប់ អាចមានឥទ្ធិពលអាក្រក់ទៅលើកូន ៗ របស់ពួកគេ។ នេះបើតាមរបាយការណ៍ពី Frontier Myanmar ។

លោក Saw Thar Si Htoo ដែលរស់នៅក្នុងភូមិ Shwe Kokko បានប្រាប់ទស្សនាវដ្តីថា អ្នកភូមិមិនបានទទួលការងារធ្វើទេ។ លោកបានមានប្រសាសន៍ថា « BGF បាននិយាយថា គម្រោងនេះនឹងផ្តល់ឱកាសការងារ ប៉ុន្តែមិនមានការងារសម្រាប់យើងទេ ទោះបីជាគម្រោងនេះបានចាប់ផ្តើមជាងពីរឆ្នាំកន្លងមកក៏ដោយ»។

អ្នកស្រុកក៏អាក់អន់ចិត្តចំពោះរបៀបដែល BGF បានផ្តល់សំណងសម្រាប់ដីរបស់ពួកគេ។ អ្នកស្រុកម្នាក់ឈ្មោះ Saw Eh Soe បាននិយាយថា អ្នកតំណាងយ៉ាតៃ មិនបានជួបអ្នកស្រុកមុនពេលចាប់ផ្តើមការងារទេ ប៉ុន្តែ BGF បានបង់ឱ្យពួកគេប្រហែល ១.៦០០ ដុល្លារអាមេរិកក្នុងមួយហិចតា។ យោងតាមទស្សនាវដ្តីនេះ លោក Eh Soe បានមានប្រសាសន៍ថា «យើងបានទាមទារថ្លៃដីចំនួន ៤.៨០០ ដុល្លារក្នុងមួយហិកតា ប៉ុន្តែពួកគេនឹងមិនចរចាទេ” ។

ភូមិនៅក្នុងប្រទេសមីយ៉ាន់ម៉ា (ភូមា) ជាប់នឹងប្រទេសថៃ ដោយស្ពានមិត្តភាពមួយឆ្លងកាត់ទន្លេ ដូច្នេះ គម្រោងបង្កើតទីក្រុង មានសារៈសំខាន់ជាយុទ្ធសាស្រ្តចំពោះគម្រោងខ្សែក្រវាត់មួយ ផ្លូវមួយ ខ្សែរបស់លោកប្រធានាធិបតី ស៊ី ជិនពីង ដែលមានទំហំទឹកប្រាក់ចំនួន ១ ទ្រីលានដុល្លារ ដើម្បីភ្ជាប់ប្រទេសចិនជាមួយតំបន់ផ្សេងទៀត។ ក្នុងករណីគម្រោង Shwe Kokko ទោះយ៉ាងណា អ្នកស្រុកថៃមួយចំនួនដែលនៅជិតខាង មានការព្រួយបារម្ភរួចហើយ។

កាសែតបាងកកប៉ុស្តិ៍ បានផ្សាយថា ប្រតិបត្តិករអាជីវកម្មក្នុងស្រុកនៅក្នុងខេត្ត តាក នៃប្រទេសថៃ យល់ឃើញថា វត្តមានរបស់ក្រុមវិនិយោគិនចិនគឺជាការគំរាមកំហែងដល់ពាណិជ្ជកម្មតាមព្រំដែន ពីព្រោះពួកគេខ្លាចចិនគ្របដណ្តប់លើពាណិជ្ជកម្ម ការវិនិយោគ និងការបង្កើតអាជីវកម្មនៅក្នុងតំបន់។ ទីប្រឹក្សាសភាពាណិជ្ជកម្មខេត្តតាក បានពណ៌នាគំរោងក្រុងថ្មី Chinatown របស់ចិនថា គួរអោយខ្លាចខ្លាំង ដោយកត់សំគាល់ថា ប្រជាជនពី ៧ ម៉ឺនទៅ ៨ម៉ឺននាក់ ដែលកំពុងរស់នៅក្នុងស្រុក Mae Sot នៃប្រទេសថៃ នឹងត្រូវលិចលង់ដោយសារជនជាតិចិនចំនួន ៤០០.០០០ នាក់ដែលរំពឹងថា នឹងធ្វើចំណាកស្រុកទៅកាន់គម្រោងបង្កើតក្រុង Shwe Kokko នៅក្នុងប្រទេសភូមា។

លោកស្រី Phakhaphon Likhitpratkun អ្នកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Zhong Xingtai Pattana Co នៅស្រុក Mae Sot បានប្រាប់កាសែត Bangkok Post ថា លោកស្រីមានការភ័យខ្លាចស្រដៀងគ្នានេះដែរ។ លោកស្រីថា « មានតែវិស័យទេសចរណ៍ទេ ដែលអាចរស់រានពីការរអាក់រអួលនេះ ពីព្រោះវាជាតំបន់តែមួយគត់ដែលក្រុមអ្នកវិនិយោគចិន និងវិស័យជំនួញខេត្តតាក អាចធ្វើការជាមួយគ្នា៕ ប្រែសម្រួលៈ ដើមអម្ពិល

To Top