ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារសារព័ត៌មានរដ្ឋផ្សាយថា អ៊ីរ៉ង់វាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីល ទៅលើអាកាសយានដ្ឋានគុយវ៉ែត

បរទេស៖ អ៊ីរ៉ង់ គឺបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីល ទៅលើប្រហារអាកាសយានដ្ឋានអន្តរជាតិគុយវ៉ែតនៅព្រឹកព្រលឹមថ្ងៃពុធ ដែលបណ្តាលឱ្យមានអ្នករងរបួស និងបង្ខំឱ្យអាជ្ញាធរបង្វែរជើងហោះហើរ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋគុយវ៉ែត។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ថា របាយការណ៍នេះបានផ្សាយដោយដកស្រង់សម្តីរបស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលទូទៅថា ការវាយប្រហារនេះបានបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អគារ T1 របស់អាកាសយានដ្ឋាន ។

យោធាអាមេរិកមុននេះបាននិយាយថា មីស៊ីលអ៊ីរ៉ង់ពីរគ្រាប់ដែលបាញ់ទៅលើគុយវ៉ែតបានធ្លាក់ ឬបែកខ្ទេចខ្ទីនៅតាមផ្លូវ ហើយមីស៊ីលបីគ្រាប់ដែលបាញ់ទៅលើប្រទេសបារ៉ែនត្រូវបានស្ទាក់ចាប់ដោយកងកម្លាំងអាមេរិក និងបារ៉ែន។

បញ្ជាការកណ្តាលអាមេរិកបានបន្ថែមថា អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងទៅកាន់ប្រទេសជិតខាងក្នុងតំបន់ ប៉ុន្តែទាំងអស់មិនបានវាយប្រហារគោលដៅទេ។

កងកម្លាំងអាមេរិកបានធ្វើការវាយប្រហារលើកោះ Qeshm ដើម្បីឆ្លើយតបទៅនឹងការប៉ុនប៉ងវាយប្រហារដោយអ៊ីរ៉ង់ និងបានកម្ចាត់មីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ជាច្រើនគ្រាប់៕

ប្រែសម្រួលៈ ណៃ តុលា

To Top