ព័ត៌មានជាតិ

ពិធីជួបជុំ និងកម្មវិធី​តាមបែបសាសនា ត្រូវបាន​បើកដំណើរការ​ឡើងវិញ

ភ្នំពេញ​៖ ក្រសួងធម្មការនិងសាសនា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំ ស្តីពីការបើកដំណើរការឡើងវិញ នូវពិធីសាសនា ការជួបជុំនិងកម្មវិធីផ្សេងៗបែបសាសនា។

យោងតាមសេចក្ដីណនាំ របស់ក្រសួងធម្មការនិងសាសនា ពាក់ព័ន្ធនឹងការបើកឱ្យដំណើរការប្រទេសឡើងវិញ លើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ក្រសួងធម្មការ និងសាសនា សូមធ្វើការណែនាំដល់ថ្នាក់ដឹកនាំសាសនា និងបណ្តាអង្គភាពនានា ចំណុះឱ្យក្រសួងទាំងអស់ ត្រូវអនុវត្តដូចខាងក្រោម៖

១- ត្រូវសហការ ជាមួយអាជ្ញាធរដែនដីក្នុងការបើកដំណើរការឡើងវិញនូវពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនា តាមវត្ត វិហារ(ម៉ាស្ជិទ) ស៊ូរ៉ាវស្នាក់ការថ្វាយបង្គំ និងកន្លែងប្រតិបត្តិសាសនា។

២-ត្រូវរៀបចំត្រួតពិនិត្យ ប័ណ្ណចាក់វ៉ាក់សាំង របស់ព្រះសង្ឃ និងសាសនិកគ្រប់និកាយសាសនាទាំងអស់ ព្រមទាំងអ្នកចេញ-ចូលក្នុងបរិវេណពិធី មិនឱ្យលើសពីចំនួន កំណតរបស់រដ្ឋបាលរាជធានី-ខេត្ត ដើម្បីចូលរួមទប់ស្កាត់
ការឆ្លងរាលដាលកូវីដ-១៩។

៣-គ្រប់វត្ដ និងគ្រប់កន្លែងប្រតិបត្តិ ផ្នែកពាហិរសាសនា ត្រូវអនុវត្តនូវវិធានការការពារនានា របស់ក្រសួងសុខាភិបាល វិធានការរដ្ឋបាល និងជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣ការពារ និង ៣កុំ” របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

To Top