ព័ត៌មានជាតិ

អតីតប្រធានគណបក្សខ្មែរឈ្នះ សួង សុភ័ណ្ឌ នឹងត្រូវដោះលែងពី ពន្ធនាគារព្រៃស នៅថ្ងៃសុក្រនេះ បន្ទាប់ពីសាលាឧទ្ធរណ៍ បន្ធូរបន្ថយទោស ពាក់ព័ន្ធបទល្មើស «ញុះញង់បង្កភាពវឹកវរក្នុងសង្គម»

ភ្នំពេញ: សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ ទី ១២ ខែ វិច្ឆិកា ឆ្នាំ២០២១ នេះ បានប្រកាសសាលដីកាលើបណ្តឹងឧទ្ធរណ៍ របស់ អតីតប្រធានគណបក្សខ្មែរឈ្នះ គឺ លោក សួង សុភ័ណ្ឌ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីខែ កុម្ភ: ឆ្នាំ ២០២១ ផ្តន្ទាទោស គាត់ ដាក់ពន្ធនាគារ កំណត់ ២០ ខែ ក្រោមការចោទប្រកាន់ពីបទ «ញុះញង់បង្កភាពវឹកវរក្នុងសង្គម» ជាប់ទាក់ទងនឹងបញ្ហាបោះបង្គោលព្រំដែន កម្ពុជាវៀតណាម នៅខេត្តត្បូងឃ្មុំ។

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ក៏ បានសម្រេចតម្កល់សាលក្រម របស់សាលាដំបូងរាជធានីភ្នំពេញ រក្សាទុកដដែល តែបានបន្ធូរបន្ថយទោសរបស់គាត់ ពីជាប់គុក២០ខែ មកនៅត្រឹមតែ ជាប់គុក ១ឆ្នាំ ២ ខែ ២៧ថ្ងៃ ប៉ុណ្ណោះ។ ទោសសេសល់ គឺ ត្រូវព្យួរសាកល្បង ក្នុងរយះពេល ៣ ឆ្នាំ។

លោក ប្លង់ សំណាង ប្រធានប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានថ្លែងអោយដឹងថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទឈ្មោះ សួង សុភ័ណ្ឌ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ កាត់ទោសឱ្យជាប់ពន្ធនាគារ២០ខែ និងបង្គាប់ឱ្យបង់ប្រាក់២ ០០០លានរៀល ( ឬប្រហែល៥០ម៉ឺនដុល្លារ) ដល់គណៈកម្មការកិច្ចការព្រំដែន ក្រោមការចោទប្រកាន់ពីបទ «ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ឬ បង្កភាពវឹកវរក្នុងសង្គម» តាមបញ្ញាតិមាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ។

តែ ជនជាប់ចោទបានប្តឹងជំទាស់មកកាន់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ។

ជនជាប់ចោទឈ្មោះ សួង សុភ័ណ្ឌ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០៕

ដោយ រស្មី អាកាស

To Top