ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានណែនាំក្រុមការងារគណបក្ស និងអាជ្ញាធរ បន្តរួមកម្លាំងសាមគ្គីគ្នា បំពេញភារកិច្ចបំរើជាតិ និងប្រជាជន ពិសេស ត្រូវចេញធ្វើសកម្មភាពភ្លាមៗ នៅពេលប្រជាពលរដ្ឋជួបការលំបាកអ្វីមួយ។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ខេត្តបាត់ដំបង តាមប្រព័ន្ធវីដេអូ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេច ស ខេង បានគូសបញ្ជាក់ថា អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បានប្រឹងប្រែងយកអស់កម្លាំងកាយប្រាជ្ញាស្មារតីខិតខំរួមគ្នាថែរក្សាការពារសុខសន្តិភាព ស្ថេរភាពនយោបាយ និងថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានល្អប្រសើរ។
សម្ដេច បានបញ្ជាក់ថា «សូមណែនាំឲ្យក្រុមការងារគណបក្ស ក្រុមការងារពាក់ព័ន្ធ អាជ្ញាធរ កងកម្លាំងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តរួមកម្លាំងសាមគ្គីគ្នាបំពេញភារកិច្ចបំរើជាតិ និងប្រជាជនឲ្យបានល្អ ពិសេសត្រូវចេញធ្វើសកម្មភាពភ្លាមៗ នៅពេលប្រជាពលរដ្ឋជួបការលំបាក ទាំងការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ការលំបាកបង្កឡើងដោយវិបត្តិជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយធម្មជាតិនានា»។
សម្ដេច ស ខេង បានបន្ដថា ទោះបីជាជួបប្រទះនឹងបញ្ហានានាក្នុងវិបត្តិជំងឺកូវីដ -១៩ នេះយ៉ាណាក្ដី ក៏ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ទូទាំងខេត្តបាត់ដំបង បានខិតខំពុះពារលើកស្ទួយ និងធ្វើឲ្យសម្រេចបានកិច្ចការសំខាន់ៗ ស្របទៅតាមផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២៕EB