ព័ត៌មានជាតិ

សម្ដេចតេជោ ណែនាំក្រសួងសុខាភិបាល និងអាជ្ញាធរ ពន្លឿនបើកប្រាក់ឧបត្តម្ភ ជូនគ្រួសារអ្នកស្លាប់ដោយសារ កូវីដ-១៩

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសុំការយោគយល់ពីក្រុមគ្រួសារសពអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩ ចំពោះការយឺតយ៉ាវ ក្នុងការបើកប្រាក់ឧបត្ថម្ភជូនគ្រួសារសព ២លានរៀល ខណៈសម្ដេច ណែនាំក្រសួងសុខាភិបាល និងអាជ្ញាធរ ពន្លឿនការងារនេះ។

សម្ដេចសុំការយោគយល់បែបនេះ ក្រោយពីមានហ្វេសប៊ុកមួយឈ្មោះ Oun Lyly បានចូលខំមិនក្នុងហ្វេសប៊ុក សម្ដេចតេជោ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ថា «សូមអនុគ្រោះដល់កូនចៅផង កូនមានសំណួរមួយចង់សួរទៅ សម្តេចពុកថា អ្នកស្លាប់ដោយជំងឺកូវីដ តើត្រូវទទួលបានប្រាក់ឧបត្តម្ភពីខាងក្រសួងដែរ ឬយ៉ាងណាពីព្រោះលោកឪពុក ជាទីស្រលាញ់របស់ខ្ញុំ បានស្លាប់ កាលពីថ្ងៃទី៥ វិច្ឆិកា សូមសម្តេចពុក មេត្តាអនុគ្រោះដល់កូនផង ពីព្រោះគ្រួសារបស់កូនក្រខ្សត់ហើយមិនទាន់ទទួលបានប្រាក់ជំនួយឧបត្តម្ភពីក្រសួងទេ សូមសម្តេចពុកមេត្តាអភ័យទាសនឹងអនុគ្រោះដល់កូនផង»។

ជាការឆ្លើយ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «គ្រួសារសពនឹងទទួល បាន២លានរៀល។ ថវិការមិនបាត់បង់ទៅណាទេ គ្រាន់តែកន្លែងខ្លះបើកជូនបានលឿនកន្លែងខ្លះបើកយឹត សុំការយោគយល់ផង»។

សម្ដេចតេជោ បានបន្ដថា «សូមបញ្ជាក់ថា ថវិការផ្តល់ជូនតែអ្នកមរណភាពដោយកូវីដ ពិតប្រាកដនៅតាមមន្ទីរពេទ្យតែប៉ុណ្ណោះ។ សុំក្រសួងសុខាភិបាល និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ពន្លឿនការ បើកផ្តល់សាច់ប្រាក់ដល់គ្រួសារសព»។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១១៩.៤៨១នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន១១៥.៨៦២នាក់ និងអ្នកស្លាប់ ចំនួន២.៨៦១នាក់៕

To Top