ភ្នំពេញ ៖ លោក មុំ គង់ នាយកប្រតិបត្តិ អង្គការចលនា ដើម្បីសុខភាពកម្ពុជា បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ នៅកម្ពុជានាពេលបច្ចុប្បន្ន គឺជាមូលហេតុទី២ នៃពិសាគ្រឿងស្រវឹង ហើយក៏ជាកត្តាហានិភ័យមួយ ដែលជំរុញឲ្យមានអំពើហិង្សាផ្សេងៗ ។
ក្នុងពិធីប្រគល់រង្វាន់ ដល់បេក្ខជន ដែលជាប់ ជ័យលាភី ការប្រកួតប្រជែងគូរគំនូរ ស្ដីពី ផលប៉ះពាល់ និងវិធានការ មានប្រសិទ្ធភាព ក្នុងការកាត់បន្ថយ គ្រោះថ្នាក់ បណ្ដាលមកពីការប្រើប្រាស់គ្រឿងស្រវឹង តាមប្រព័ន្ធអនឡាញ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោក មុំ គង់ បានថ្លែងថា «បើយើងនិយាយពីគ្រោះថ្នាក់ចរាចរណ៍វិញ សម្រាប់ប្រទេសកម្ពុជា គ្រឿងស្រវឹង គឺជាមូលហេតុទី២ ដែលបណ្ដាលឲ្យគ្រោះ ថ្នាក់រាចរណ៍នៅកម្ពុជា ហើយគ្រឿងស្រវឹងនេះ ក៏ជាកត្តាហានិភ័យមួយ ដែលជំរុញឲ្យមានអំពើហិង្សា»។
លោកបញ្ជាក់ថា «យើងចង់ឲ្យមានជាច្បាប់ និងលិខិតកិត្តិយសផ្សេងៗ គឺមិនមែន ដើម្បីមិនឲ្យមានចរាចរណ៍គ្រឿង ស្រវឹងនៅប្រទេសកម្ពុជា ឬហាមមិនឲ្យអ្នកប្រើប្រាស់ទេ ប៉ុន្ដែចង់ឲ្យការប្រើប្រាស់ ស្ថិតក្នុងបរិបទមួយផ្ដល់គ្រោះថ្នាក់តិច ដល់ប្រទេសជាតិ និង ប្រជាពលរដ្ឋ»។
ឆ្លៀតឱកាសនោះដែរ លោកស្រី ឆាយ គឹមសុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា «កម្មវិធីប្រកួតគូរគំនូរ ស្ដីពី ផលប៉ះពាល់ និងវិធានការ មានប្រសិទ្ធភាព ក្នុងការកាត់បន្ថយគ្រោះថ្នាក់បណ្ដាលមកពីការប្រើប្រាស់គ្រឿងស្រវឹង ធ្វើឡើងក្នុងគោលបំណងបំផុស ការយល់ដឹងអំពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងស្រវឹង ដល់សិស្សនិស្សិត និងយុវជន»។
លោកស្រី បានបន្ថែមទៀតថា ពិសេសនោះ គាំទ្រឲ្យមានវិធានការមាន ប្រសិទ្ធភាព ក្នុងការកាត់បន្ថយគ្រោះថ្នាក់ ដែលបណ្ដាលមកពីការប្រើប្រាស់ គ្រឿងស្រវឹង ក្នុងចំណោមសិស្សនិស្សិត និងយុវជន ។
គួរកត់សម្គាល់ថា ការប្រើប្រាស់គ្រឿងស្រវឹង បង្កឲ្យមានជំងឺជាង ២០០មុខ ហើយជាកត្តាចម្បង បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ជាកត្តាហានិភ័យជំរុញ ឲ្យមានអំពើហិង្សាគ្រប់ប្រភេទ ព្រមទាំងភាពក្រីក្រ ។ គ្រឿងស្រវឹងជាមូលហេតុចម្បង ដែលបណ្ដាលឲ្យមានអ្នកស្លាប់ប្រមាណ ៣លាននាក់ ក្នុងមួយឆ្នាំៗ។ នេះបើយោងតាមអង្គការ សុខភាពពិភពលោក ។
ជាងនេះទៅទៀត វិធានការមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយផល ប៉ះពាល់បង្កដោយការ ប្រើប្រាស់ គ្រឿងស្រវឹង ដែលលើកឡើង ដោយអង្គការ សុខភាពពិភពលោក រួមមាន ៖ ហាមឃាត់ការផ្សាយ ពាណិជ្ជកម្ម គ្រឿងស្រវឹង, ដំឡើងពន្ធគ្រឿងស្រវឹង, កំណត់អាយុដែលអាចទិញ និងប្រើប្រាស់គ្រឿង ស្រវឹង និងកាត់បន្ថយភាព ងាយរកបាននៃគ្រឿងស្រវឹង ៕