ព័ត៌មានជាតិ

សម្ដេចតេជោសង្កេតឃើញថា មេឃុំ-ចៅសង្កាត់មួយចំនួន ម៉ោង៩ មិនទាន់ចូលធ្វើការ ធ្វើឲ្យប្រជាជនទៅរកមិនឃើញ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា មានមេឃុំនិងចៅសង្កាត់មួយចំនួន ម៉ោង៩ព្រឹកហើយ នៅមិនទាន់ចូលធ្វើការទៀត ធ្វើឲ្យប្រជាជនទៅរកមិនឃើញ ខណៈសម្តេចផ្តាំថា ទៅធ្វើការយឺតនេះ កុំយកហេតុផលរឿងកូវីដ-១៩មកធ្វើជាខែល ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងប្រកាសបើកការដ្ឋាន សាងសង់ផ្លូវជាតិលេខ ៧១C នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩មិនត្រូវឲ្យរាំងស្ទះការងាររដ្ឋបាលឡើយ ព្រោះជាតម្រូវការប្រជាជន ។

សម្ដេចតេជោមានប្រសាសន៍ថា «មេឃុំ ត្រូវមានអ្នកប្រចាំការ មេឃុំត្រូវចូលកន្លែងស្នាក់ការឃុំម៉ោង៧ព្រឹក ។ តាមខ្ញុំដឹង ហេតុផលកូវីដនេះ ធ្វើឲ្យមេឃុំមួយចំនួនម៉ោង៩ព្រឹក មិនទាន់ចូលស្នាក់ការទេ ប្រជាជនទៅរកអត់ឃើញទេ ។ យើងយល់កុំដេកដួលរមួល សំគ្រិច សូមឲ្យយកចិត្តទុកដាក់ផ្ដល់សេវាជូនប្រជាជន»។

សម្ដេចតេជោបន្ដថា ប្រជាជនត្រូវការមេឃុំ ត្រូវការមេស្រុក ត្រូវការខេត្ត ដើម្បីដោះស្រាយបញ្ហានានា ដូច្នេះ ត្រូវមានអ្នកប្រចាំការ កុំផ្អែកលើបញ្ហាកូវីដ-១៩ ហើយបែរជាកិច្ចការរដ្ឋបាលបោះបង់ចោល ក្នុងពេលប្រជាជនកំពុងមានតម្រូវការនានាឲ្យជួយដោះស្រាយ។

សម្ដេចតេជោ ក៏បានផ្ដាំផ្ញើដល់ឃុំ-សង្កាត់ ត្រូវព្យាយាមដោះស្រាយជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការ ហើយបើដល់តុលាការហើយ ត្រូវមានអ្នកចាញ់ មានឈ្នះ ៕

To Top