តេអេរ៉ង់ ៖ អ៊ីរ៉ង់ បានទទូចថា ការដកទណ្ឌកម្មនឹងក្លាយជាចំណុច កំណត់នៅក្នុងកិច្ចចរចា នាពេលខាងមុខ ដើម្បីស្តារផែនការ សកម្មភាព ទូលំទូលាយរួម (JCPOA) ឡើងវិញ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។
លោក Saeed Khatibzadeh អ្នកនាំពាក្យក្រសួង ការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា “ប្រសិនបើ JCPOA មិនបញ្ជាក់ពីផលប្រយោជន៍សេដ្ឋកិច្ចជាក់លាក់ និងការធ្វើឱ្យមាន លក្ខណៈធម្មតា នៃពាណិជ្ជកម្មបរទេស សម្រាប់សាធារណរដ្ឋឥស្លាម សហរដ្ឋអាមេរិក គួរតែដឹងថា បង្អួចនេះនឹងមិនបើកចំហ ជារៀងរហូតនោះទេ” ។
លោក Khatibzadeh បានច្រានចោល “ការរំពឹងទុក” អំពីលទ្ធភាព នៃកិច្ចព្រមព្រៀង បណ្តោះអាសន្នរវាងអ៊ីរ៉ង់ និងសមភាគីលោកខាងលិច របស់ខ្លួនលើកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ជា “ប្រតិបត្តិការផ្លូវចិត្ត” សំដៅលើ “ការនេសាទនៅក្នុងដែនទឹក ដែលមានបញ្ហា” ។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានលើកឡើងពីគំនិត “កិច្ចព្រមព្រៀងបណ្តោះអាសន្ន” នៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះ ជាមួយសមភាគី អ៊ីស្រាអែល លោក Eyal Hulata ដោយលើកហេតុផលថា វានឹងអនុញ្ញាតឱ្យភាគី នៃកិច្ចចរចា “ទិញពេលវេលាបន្ថែមទៀត សម្រាប់ការចរចានុយក្លេអ៊ែរ” ។
អ្នកនាំពាក្យរបស់អ៊ីរ៉ង់ ក៏បានច្រានចោលការលើកឡើង នាពេលថ្មីៗនេះរបស់រដ្ឋមន្ត្រីការពារជាតិ អាមេរិក លោក Lloyd Austin ដោយកត់ សម្គាល់ថា “វាជាការប្រសើរជាង សម្រាប់សហរដ្ឋអាមេរិក ក្នុងការធ្វើឱ្យប្រាកដថា ការធានាគោលបំណង ត្រូវបានផ្តល់ឱ្យទាក់ទងនឹង ការដកទណ្ឌកម្ម ប្រឆាំងនឹងអ៊ីរ៉ង់” ។
លោក Austin បាន បញ្ជាក់ កាលពីថ្ងៃសៅរ៍ក្នុងរដ្ឋធានី Manama ប្រទេសបារ៉ែន អំពីការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការឈានដល់ លទ្ធផលការទូត នៅក្នុងកិច្ចចរចា នៅទីក្រុងវីយែន ប៉ុន្តែបានបន្ថែមថា ប្រសិនបើអ៊ីរ៉ង់ “មិនមានឆន្ទៈក្នុង ការចូលរួមយ៉ាងពិតប្រាកដនោះ ទីក្រុងវ៉ាស៊ីនតោន នឹងពិនិត្យមើលជម្រើសទាំងអស់ ដែលចាំបាច់ ដើម្បីរក្សាសហរដ្ឋអាមេរិក ឱ្យមានសុវត្ថិភាព” ៕
ដោយ ឈូក បូរ៉ា