នយោបាយ

ព្រាប កុល ស្នើលោក វ៉ា គឹមហុង និងលោក សុខ ទូច បកស្រាយបញ្ហាព្រំដែន ក្រោយកម្ពុជា-វៀតណាម ចុះសន្ធិសញ្ញាព្រំដែនជាមួយគ្នា

ភ្នំពេញ ៖ បញ្ហាព្រំដែន រវាងកម្ពុជានិងវៀតណាម មិនទាន់ទៅណាឆ្ងាយទេ ទោះបីមានការបកស្រាយ ពីប្រមុខរាជរដ្ឋាភិបាល និងមន្រ្តីជាន់ខ្ពស់ពាក់ព័ន្ធក៏ដោយ បន្ទាប់ពីព្រះមហាក្សត្រកម្ពុជា បានឡាយព្រះហស្តលេខា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ក្រោយភាគីកម្ពុជា-វៀតណាម បានចុះកិច្ចព្រមព្រៀង លើសន្ធិសញ្ញាព្រំដែនជាមួយគ្នា។

ចំណុចនេះបានធ្វើឲ្យលោក ព្រាប កុល នាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជា លើកឡើងក្នុងហ្វេសប៊ុក នៅថ្ងៃទី២៨ ធ្នូដោយស្នើឲ្យលោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី ទទួលកិច្ចការព្រំដែន និងលោក សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បកស្រាយបញ្ហាព្រំដែន ឲ្យបានច្បាស់លាស់។

លោកថា ក្នុងឆ្នាំ ២០២០ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ស្នើធ្វើកិច្ចការខ្លះ ដើម្បីស្វែងយល់ការពិត និងជម្រះមន្ទិលសង្ស័យ អំពីបញ្ហានៃការបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម។

លោកបន្តថា ដូច្នេះ លោក វ៉ា គឹម ហុង និងលោកសុខ ទូច ផ្តល់កិច្ចសហប្រតិបត្តិការ ទៅលើសំណើធ្វើ កិច្ចការដូចខាងក្រោមនេះ ៖

១. ស្នើសុំបង្ហាញផែនទី ដែលប្រើប្រាស់សម្រាប់ការកំណត់ ទីតាំងបោះបង្គោលព្រំដែន និងវិធីសាស្ត្រ/របៀបគណនា កំណត់បង្គោលព្រំដែន តាមលក្ខណៈវិទ្យាសាស្ត្រ។
២. បង្ហាញទីតាំងបង្គោលព្រំដែនទាំងអស់ ដោយមានអាសយដ្ឋានជាក់លាក់ផង។
៣. សហការរៀបចំវេទិកាសាធារណៈ ដោយមានការចូលរួម ពីសំណាក់ភាគីពាក់ព័ន្ធ និងពលរដ្ឋ ដែលចាប់អារម្មណ៍ពីបញ្ហាព្រំដែន ជាពិសេសពលរដ្ឋ ដែលរស់នៅក្នុងភូមិ ឃុំ ជុំវិញទីតាំងបង្គោលព្រំដែន និងអ្នកសារព័ត៌មានជាតិ/អន្តរជាតិ។

លោកបញ្ជាក់ថា “យើងខ្ញុំសង្ឃឹមថា ឯកឧត្តមទាំងពីរ ទទួលយក សំណើរទាំង ៣ ខាងលើនេះ។ យើងខ្ញុំទន្ទឹងរង់ចាំចម្លើយវិជ្ជមាន ពីឯកឧត្តមទាំងពីរ។ ចំពោះកាលបរិច្ឆេទ នៃការអនុវត្តន៍វិធានការទាំង ៣ ខាងលើនេះ គឺកាន់តែឆាប់ កាន់តែល្អ នៅក្នុងឆ្នាំ២០២០នេះ”៕

To Top