ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បារាំងថា អ៊ីរ៉ង់នឹងទទួលបានការបន្ធូរបន្ថយទណ្ឌកម្ម ដោយគ្មានការទប់ស្កាត់គម្រោងនុយក្លេអ៊ែ

បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសអ៊ីស្រាអែល មានក្តីព្រួយបារម្ភថា ប្រទេសអ៊ីរ៉ង់នឹងទទួលបានការបន្ធូរបន្ថយក្នុងទណ្ឌកម្ម នៅក្នុងកិច្ចចរចានុយក្លេអ៊ែជាថ្មីជាមួយមហាអំណាចពិភពលោក ប៉ុន្តែនឹងមិនដកគម្រោងដែលមានសក្កានុពលក្នុងការផលិតគ្រាប់បែកនុយក្លេអ៊ែ។


មន្ត្រីចរចា តាមសេចក្តីរាយការណ៍ នឹងជួបប្រជុំគ្នានៅក្នុងទីក្រុងវីយែននាថ្ងៃចន្ទ ក្នុងកិច្ចប្រឹងប្រែងចុងក្រោយបង្អស់ ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែ ដែលសហរដ្ឋអាមេរិក ស្ថិតក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានដកខ្លួនចេញនៅក្នុងឆ្នាំ២០១៨ បន្តដាក់ទណ្ឌកម្មជាថ្មីលើប្រទេសអ៊ីរ៉ង់។


នៅក្នុងសុន្ទរកថាផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ លោក Bennett បាននិយាយប្រាប់គណៈរដ្ឋមន្ត្រីរបស់លោកយ៉ាងដូច្នេះថា “ប្រទេសអ៊ីស្រាអែល មានក្តីព្រួយបារម្ភជាខ្លាំង ស្តីពីការត្រៀមលក្ខណៈដកទណ្ឌកម្មចេញ និងអនុញ្ញាតឲ្យប្រាក់រាប់ពាន់លានដុល្លារ ហូរចូលទៅប្រទេសអ៊ីរ៉ង់ ជាថ្នូរនៃការដាក់កំហិតមិនជាទីពេញចិត្ត ក្នុងវិស័យនុយក្លេអ៊ែ”។


គួរបញ្ជាក់ថា ប្រទេសអ៊ីស្រាអែល ដែលមិនមែនជាភាគីនៃកិច្ចពិភាក្សាគ្នានោះ បានជំទាស់កិច្ចព្រមព្រៀងដំបូងឆ្នាំ២០១៥ ថាមានកម្រិតហួសក្នុងទំហំនិងរយៈពេល ហើយមេដឹកនាំអ៊ីស្រាអែលនានា ជាយូរមកហើយ បានគម្រាមធ្វើចំណាត់ការយោធា ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ប្រសិនបើពួកគេចាត់ទុកថាកិច្ចការការទូតជាទីបញ្ចប់មិនប្រែប្រួល សម្រាប់ការបដិសេធអាវុធនុយក្លេអ៊ែអ៊ីរ៉ង់៕

ប្រែសម្រួល៖ប៉ាង កុង

To Top