ភ្នំពេញ ៖ លោក សម រង្ស៊ីបានចោទប្រកាន់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច នៅពីក្រោយ នៃការប្រកាសលោក កឹម សុខា ថាមិនជាប់ពាក់ព័ន្ធនឹងលោកទៀតទេ ។ ប៉ុន្តែលោក សុខ ឥសាន ក្នុងនាមជាអ្នកនាំពាក្យបក្ស កាន់អំណាចនេះ បានចេញការពារ និងច្រានចោលទាំងស្រុងថា គ្មាន ការជាប់ពាក់ព័ន្ធនឹងភាគីទី៣ ណាទេ តែនេះ គឺជាទំនាស់ រវាងលោក កឹម សុខា និងលោក សម រង្ស៊ី ។
ការច្រានចោលរបស់លោកនេះ បានធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមបណ្តាញតេឡេក្រាម ។ លោក សុខ ឥសាន បានលើកឡើងថា លោក សម រង្ស៊ីយកឈ្មោះលោក កឹម សុខាទៅប្រើ ដើម្បីផលប្រយោជន៍ខ្លួន ។ លោកថា ខ្លួនឯងបែកបាក់គ្នាមកបន្ទោសអ្នកដទៃ នេះសរបញ្ជាក់ថា លោក សម រង្ស៊ីគ្មានការទទួលខុសត្រូវ ។
លោក សុខ ឥសាន បានថ្លែងថា “ការប្រកាសមិនឲ្យទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ (សម រង្ស៊ី) ឈប់យកឈ្មោះ និងរូបកឹម សុខា ទៅប្រើប្រាស់បោក បញ្ឆោតគេឯង គឺជារឿងទំនាស់រវាងកឹម សុខា និងទណ្ឌិត សម រង្ស៊ី មិនពាក់ព័ន្ធនឹងភាគីទី៣ណាមួយទេ” ។
លោកថា ការបែកបាក់ជាមួយលោក កឹម សុខា មានតាំងពីដើមទីមកម៉្លេះ តែលោក សម រង្ស៊ីទេ ជាអ្នក មិនទទួលស្គាល់ការពិតនិងដាក់កំហុសលើអ្នកដទៃ ។ លោកសុខ ឥសាន ឲ្យដឹងទៀតថា ការធ្វើនយោបាយមិនទទួលស្គាល់ការពិតនេះហើយ បានជាធ្វើឲ្យក្រុមឧទ្ទាមក្រៅច្បាប់ត្រូវបរាជ័យគ្រប់ជំហាន ។
នៅថ្ងៃ២៨ វិច្ឆិកា លោក កឹម សុខា ប្រកាសក្តែងៗក្នុងហ្វេសប៊ុកថា មិនជាប់ពាក់ព័ន្ធនឹងលោក សម រង្ស៊ីទៀតទេ ពោលមិនមែនជាមនុស្សតែមួយ ជាមួយលោកសម រង្ស៊ី ។ លោក កឹម សុខាក៏បានព្រមានទៅលោក សម រង្ស៊ី និងបក្ខពួកឲ្យឈប់បំពាន មកលើរូបលោក ដោយការយកឈ្មោះ និងរូបថតទៅប្រើប្រាស់ភ្ជាប់ ជាមួយសកម្មភាពមហិច្ឆតា នយោបាយរបស់ខ្លួន ដែលធ្វើឲ្យសាធារណមតិជាតិ និងអន្តរជាតិមានការភ័ន្តច្រឡំ។
ការប្រកាសនេះ ត្រូវបានលោក សុខ ឥសាន ថ្លែងឌឺដងថា ជាថ្ងៃញ៉ុករបស់លោកសម រង្ស៊ី គឺចប់ហើយ ។
លោក សម រង្ស៊ី បន្ទាប់ពីការប្រកាសភ្លាមៗ របស់លោក កឹម សុខា មិនដល់មួយថ្ងៃស្រួលបួលផងនោះ បានថ្លែងបកទៅវិញថា “សេចក្តីថ្លែងការណ៍លោក កឹម សុខា ស្តីពីគណបក្សសង្គ្រោះជាតិ គឺជាលទ្ធផល នៃការគំរាមកំហែង ពីសំណាក់សម្តេច ហ៊ុន សែន ដែលភ័យខ្លាចជាទីបំផុត ចំពោះឯកភាពនៃអ្នកប្រជាធិបតេយ្យខ្មែរ ហើយដែលចាប់យកលោក កឹម សុខា ធ្វើជាចំណាប់ខ្មាំងរបស់គាត់” ៕