ព័ត៌មានជាតិ

អ្នកប្រមូលទិញ ទម្លាក់តម្លៃស្វាយ យ៉ាងគំហុក ពី១៤៥០រៀល មក៨០០រៀល ក្នុង១គីឡូក្រាម ខណៈសមាគមស្វាយ ខេត្តកំពង់ស្ពឺ បន្តបញ្ជាទិញ ពីប្រជាកសិករ ក្នុងតម្លៃសមរម្យដដែល

ភ្នំពេញ៖ លោក អ៊ិន ឆៃវ៉ាន ប្រធានសមាគមស្វាយ ខេត្តកំពង់ស្ពឺ បានឲ្យដឹង នៅព្រឹកថ្ងៃទីអាទិត្យទី២៩ ខែធ្នូ ឆ្នាំ ២០១៩នេះ ថាអ្នកប្រមូលទិញ បានទម្លាក់ តម្លៃផ្លែស្វាយ យ៉ាងគំហុក ពោលគឺទម្លាក់តម្លៃពី១៤៥០រៀល មកនៅត្រឹម៨០០រៀល ក្នុង១គីឡូក្រាម តែប៉ុណ្ណោះ ខណៈសមាគមស្វាយខេត្តកំពង់ស្ពឺ នៅតែបន្តបញ្ជាទិញ ពីប្រជាកសិករ ក្នុងតម្លៃ១៣៥០ ក្នុង១គីឡូក្រាម ដែលជាតម្លៃមួយសមរម្យ អាចទទួលយកបាន។

លោក អ៊ិន ឆៃវ៉ាន ប្រធានសមាគមស្វាយ ខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា” ផ្លែស្វាយថ្ងៃនេះ ធ្លាក់ចុះ៨០០រៀល ក្នុង១គីឡូក្រាម ខណៈសប្ដាហ៍មុន​ តម្លៃ១៤៥០រៀល ក្នុង១គីឡូក្រាម។ ដោយឡែកមានតែ សមាគមយើងទេ ដែលនៅបន្តរក្សាតម្លៃ ១២៥០រៀល ក្នុងមួយគីឡូក្រាម ហើយការចំណាយទាំងអស់ នៅលើអ្នកទិញ (សរុប១៣៥០រៀល ក្នុង១គីឡូក្រាម)។

ចំពោះមូលហេតុ ដែលធ្វើឲ្យអ្នកបញ្ជាទិញ ទម្លាក់តម្លៃស្វាយនោះ លោក អ៊ិន ឆៃវ៉ាន ពន្យល់ថា “ស្វាយពុំសូវសម្បូរទេ តែទីផ្សារប្រមូលទិញក្នុងស្រុក កំពុងជាន់តម្លៃ ទម្លាក់យ៉ាងកំហុក។ ស្វាយធ្លាក់ចុះ បណ្តាលមកពីរោងចក្រ ក្នុងស្រុករួមជាមួយឈ្មួញ ក្នុងស្រុករួមគ្នា ជាន់ទម្លាក់ កត្តានេះហើយ បានធ្វើឲ្យរោងចក្រក្រៅស្រុក ក៏ជាន់ទម្លាក់ដូចគ្នា។ ជាទូទៅនៅពេលដែលរោងចក្រ ក្នុងស្រុកមើលឃើញស្វាយ រៀងសម្បូរ ពួកគាត់ចាប់ផ្តើម ជាន់ទម្លាក់តម្លៃ តែម្តង។ ក្នុងនាមសមាគម ខ្ញុំព្យាយាមទប់ និងរុញតម្លៃឲ្យឡើងវិញ ដើម្បីជួយដល់បងប្អូនកសិករ”។

ទាក់ទិនការទម្លាក់តម្លៃស្វាយនេះ លោក អ៊ិន ឆៃវ៉ាន ប្រធានសមាគមស្វាយ ខេត្តកំពង់ស្ពឺ បានអះអាងថាលោក បានបានប្រមូលព័ត៌មាន និងស្នើទៅលោកស្រី មេឃុំត្រែងត្រយឹង ឲ្យចេញលិខិតអញ្ជើញ អ្នកប្រមូលទិញ ក្នុងតំបន់មកជួបពិភាក្សាគ្នា នៅថ្ងៃពុធសប្តាហ៍នេះ ដើម្បីរកវិធានការទប់ស្កាត់ ការធ្លាក់ចុះយ៉ាងគំហុកនេះ។

លោក អ៊ិន ឆៃវ៉ាន ផ្ដល់គន្លឹះទប់ស្កាត់ ការធ្លាក់ចុះតម្លៃផ្លែស្វាយ បន្ថែមថា បើកសិករអ្នកផលិត និងឈ្មួញ ក្នុងស្រុក សហការជាមួយសមាគម គឺងាយស្រួលគ្រប់គ្រង តម្លៃបំផុត ព្រោះរោងចក្រកែច្នៃ​ នៅវៀតណាម និងថៃ ត្រូវការផ្លែស្វាយ ពីកម្ពុជា៥០% នៃវត្ថុធាតុដើម ដើម្បីធ្វើការកែច្នៃ ក្នុងនោះលោកក៏បានតាមដាន និងពិនិត្យមើលតម្លៃបោះដុំ នៃផលិតផលសម្រេច ដែលបានកែច្នៃពីផ្លែស្វាយ គឺតម្លៃនៅដដែល នៅលើទីផ្សារអន្តរជាតិ មិនមានការធ្លាក់ចុះនោះទេ។

សូមរំលឹកថា ប្រសិនបើដំណើរការ បានយ៉ាងរលូន និងជោគជ័យ នាដើមឆ្នាំក្រោយ ខាងមុខនេះ ប្រទេសចិន និងកម្ពុជា នឹងមានការចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីអំពីការនាំចេញផ្លែស្វាយ ពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន ខណៈកម្ពុជា មានសក្តានុពល ក្នុងការនាំចេញ ផ្លែស្វាយជាង ៥០ម៉ឺនតោន ទៅកាន់ប្រទេសចិន ជារៀងរាល់ឆ្នាំ។ ដោយមើលទៅលើ ទំនាក់ទំនងដ៏ល្អប្រពៃនេះ ប្រទេសចិន នាថ្ងៃខាងមុខ នឹងបើកចំហទីផ្សារ ជូនដល់ផលិតផលកសិកម្ម ក្នុងប្រទេសកម្ពុជា កាន់តែច្រើន។

សូមបញ្ជាក់ថា ចំការស្វាយនៅកម្ពុជា មានជាង១០ម៉ឺនហិកតា។ ខេត្តដែលមានផ្ទៃដី ដាំដុះស្វាយច្រើន ជាងគេ មានដូចជា ៖ កំពង់ស្ពឺ , បាត់ដំបង , កំពត និងបន្ទាយមានជ័យ ហើយស្វាយ​ ​ដែលមានគុណភាពល្អ ជាងគេ គឺនៅខេត្តកំពង់ស្ពឺ ៕

To Top