បរទេស៖ កន្លងមក រដ្ឋាភិបាលទីក្រុងមូស្គូបានប្តេជ្ញាថា នឹងឆ្លើយតបទៅនឹងផែនការរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្នុងការបណ្តេញអ្នកការទូតរុស្ស៊ីចំនួន ២៧នាក់ និងក្រុមគ្រួសាររបស់ពួកគេនៅក្នុងសប្តាហ៍ខាងមុខនេះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅថ្ងៃពុធថា បុគ្គលិកស្ថានទូតអាមេរិកដែលស្នាក់នៅទីក្រុងមូស្គូលើសពីបីឆ្នាំ ត្រូវតែចាកចេញពីប្រទេសរុស្ស៊ី នៅត្រឹមថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២។
ក្រសួងការបរទេសរុស្ស៊ីបានព្រមានថា ប្រសិនបើរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បរាជ័យក្នុងការសម្របសម្រួលលើបញ្ហាអ្នកការទូតរុស្ស៊ី នោះក្រុមអ្នកការទូតអាមេរិកមួយក្រុមទៀត នឹងត្រូវចាកចេញពីប្រទេសរុស្ស៊ីត្រឹមថ្ងៃទី១ ខែកក្កដា។
ទន្ទឹមនឹងនោះ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានសង្កត់ធ្ងន់ថា ក្រុងវ៉ាស៊ីនតោននៅតែមានពេលវេលាដើម្បីបញ្ឈប់ការបណ្តេញមន្ត្រីការទូតអាមេរិកចេញពីប្រទេសរុស្ស៊ី។ លោកបានដាស់តឿនថា ទង្វើនេះកើតឡើងជាការឆ្លើយតបជាកញ្ចក់មួយ ចំពោះការបណ្ដេញមន្ត្រីការទូតរុស្ស៊ីរបស់អាមេរិកចេញពីក្រុងវ៉ាស៊ីនតោន៕
ប្រែសម្រួលៈ ណៃ តុលា