ព្រះសីហនុ ៖ បន្ទាប់បានផ្តល់រថយន្ត៣គ្រឿងវ៉ាក់សាំង៥០ម៉ឺនដូស និងថវិកាចំនួន១៣លានដុល្លារ ទៅប្រទេសឡាវ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសសន្យាផ្តល់រថយន្តចំនួន១០គ្រឿង ក្នុងចំណោម៣០គ្រឿងដែលបញ្ជាទិញទៅដល់ភាគីឡាវ ។
ការផ្តល់ជាជំនួយនេះ ត្រូវបានសម្តេចតេជោ ថ្លែងថា មានអ្នកខ្លះមកជេររិះគន់ សម្តេចរឿងជួយឡាវ ខណៈកម្ពុជាមានពលរដ្ឋខ្វះខាតជាច្រើននៅតាមជនបទ ។ សម្តេចថា មានវិទ្យុខ្លះដើរសំភាសន៍ពលរដ្ឋដែលមានជីវភាពខ្វះខាត ។ តែសម្តេចថា បើពួកពលរដ្ឋខ្វះខាតយកអង្ករទៅជួយ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២ ធ្នូ ឆ្នាំ២០២១ សម្តេចតេជោបានមានប្រសាសន៍ថា “ក្នុងជំនួបជាមួយឡាវ ខ្ញុំបានសម្រេចឲ្យវ៉ាក់សាំង៥០ម៉ឺនដូស បូកនឹងរថយន្ត៣គ្រឿង ។ ហើយខ្ញុំសន្យាឲ្យរថយន្ត១០គ្រឿងទៀតក្នុងចំណោមរថយន្តដែលទិញ៣០គ្រឿង។
សម្តចបានបញ្ជាក់ថា «អា៣០គ្រឿងទិញមក ខ្ញុំនឹងឲ្យគាត់១០គ្រឿងទៀត ប៉ុន្តែឥឡូវនេះដឹកវ៉ាក់សាំងនេះនៅព្រឹកស្អែក ហើយយើងឲ្យទាំងឡាន និងវ៉ាក់សាំង ដូរតែតៃកុងបាន។ យើងយកវ៉ាក់សាំងចេញមកប្រគល់ជានិមិត្តរូប ហើយប្រគល់សោរឡាន ។ តែយើងត្រូវចាក់សាំងឲ្យពេញផង កុំឲ្យគាត់បើកទៅអត់មានសាំង»។
សម្តេចក៏បានលើកឡើងថា ការផ្តល់ជំនួយទៅប្រទេសមួយចំនួនក៏មានការស្តីបន្ទោសផងដែរ តែកម្ពុជាដឹងគុណគេដែលកម្ពុជាទទួលរងការលំបាកបំផុតនៅឆ្នាំ១៩៧៩ដែលពេលនោះឡាវ និងវៀតណាមក៏មានភាពលំបាកដូចគ្នា។ សម្តេចក៏បានលើកឡើងថា កាលពីមុនទោះបីជាឡាវស្ថិតក្នុងការលំបាកក៏ឡាវបានធ្វើការចែករំលែកមកកម្ពុជា ។ ចំណុចនេះ បានធ្វើឲ្យកម្ពុជាកត់ទុក ទើបពេលនេះកម្ពុជាបានជួយឡាវ វិញនៅពេលមានលទ្ធភាព។
សម្តេចបានគូសបញ្ជាក់ថា «ខ្ញុំមិនមែនជាមនុស្សអគុណធម៌នោះទេ ការផ្តល់ជំនួយឲ្យមិត្តភក្តិនេះ គេធ្វើការសម្ភាសន៍ប្រជាពលរដ្ឋប៉ុន្មានថា មិនមានអង្ករហូបបែរជា ទៅជួយគេវិញ (ជួយមើលអ្នកដែលនៅខ្វះមិនយកអង្ករឲ្យស៊ីផង) ។
សម្តេចក៏បានលើកឡើងថា មកដល់ពេលនេះ បានផ្តល់ថវិកាជួយឡាវចំនួន១៤លានដុល្លារហើយ បូកទាំងវ៉ាក់សាំង៥០ម៉ឺនដូស។
ទាក់ទិននឹងការរិះគន់ចំពោះការផ្តល់ជំនួយដល់ឡាវរបស់ក្រុមប្រឆាំងមួយចំនួននោះ សម្តេចតបថា «ឯងផ្តល់ជំនួយម្តងជេរម្តង ហើយជេរម្តង ។ ធ្វើដើរសម្ភាសន៍ខ្លះនៅស្វាយវៀង ខ្លះនៅនេះខ្លះនៅនោះ«…»តាមរកមើលខ្វះអង្ករច្រាស់ យកអង្ករទៅឲ្យ រួចហើយថា ជំពាក់ធនាគារហើយរត់ ចោលស្រុក ។ ឥឡូវជួយរកមើលដើម្បីឲ្យធនាគាររឹបអូសយកតែម្តងទៅ» ៕