ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា បាននិងកំពុងដឹកនាំគណៈប្រតិភូអញ្ជើញ ទៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហាងចូវ ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៣-៥ ខែធ្នូ ឆ្នាំ២០២១ ដើម្បីជួបពិភាក្សាជាមួយ លោក វ៉ាង យី ពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ ក្នុងការស្ដារវិស័យផ្សេងៗឡើងវិញ ក្រោយជំងឺរាតត្បាតកូវីដ១៩ ។
ការអញ្ជើញទៅបំពេញទស្សនកិច្ចនេះ ធ្វើឡើងតាមការអញ្ជើញរបស់ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៣០ វិច្ឆិកា បានឲ្យដឹងថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងមានជំនួបទ្វេភាគីជាមួយ លោក វ៉ាង យី ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ នៅលើវិស័យផ្សេងៗ រួមមាន៖ ការស្តារឡើងវិញ ក្រោយជំងឺរាតត្បាតកូវីដ-១៩ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ សុខាភិបាល កសិកម្ម និងការពារជាតិ ក៏ដូចជា បញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម ។
ដំណើរទស្សនកិច្ចផ្លូវការនេះ នឹងពង្រឹងបន្ថែមទៀតនូវ ភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរលង់ សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការជាក់លាក់ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌពហុភាគីសម្រាប់ ផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជននៃប្រទេសទាំងពីរ ៕