ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន និងមន្ត្រីការទូតជាន់ខ្ពស់ សហភាពអឺរ៉ុប ពិភាក្សាគ្នា ពីភាពអាចទៅរួច នៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី

បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ុយក្រែន លោក Dmytro Kuleba បានជួបគ្នាជាមួយមន្ត្រីការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប លោក Josep Borrell នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពន្លឿនការងារលើការដាក់កំហឹតសេដ្ឋកិច្ចជាក់លាក់ ដែលអាចនឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរុស្ស៊ី ប្រសិនបើទីក្រុងមូស្គធ្វើការឈ្លានពានថ្មីណាមួយ។


ប្រទេសអ៊ុយក្រែននិងសម្ពន្ធមិត្តយោធាណាតូ នាពេលថ្មីៗនេះ បានបង្ហាញនូវក្តីព្រួយបារម្ភស្តីពីសកម្មភាពទ័ពរុស្ស៊ី នៅជិតព្រំដែនអ៊ុយក្រែនក្នុងឆ្នាំនេះ បង្កឲ្យមានការភ័យព្រួយថា ជម្លោះដែលកំពុងឆេះក្តៅនៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត អាចនឹងផ្ទុះជាសង្គ្រាមដោយចំហ រវាងប្រទេសជិតខាងទាំងពីរ។


នៅក្នុងសារធ្វីតធ័រមួយ លោក Dmytro Kuleba បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងបានពិភាក្សាគ្នាពីភាពចាំបាច់ត្រូវទប់ស្កាត់រុស្ស៊ី និងពន្លឿនការងារលើការដាក់កំហឹតសេដ្ឋកិច្ចជាក់លាក់ ដែលនឹងអាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរុស្ស៊ី ប្រសិនបើទីក្រុងមូស្គូសម្រេចចិត្តចាប់ផ្តើមដំណាក់កាលឈ្លានពានថ្មី មកលើអ៊ុយក្រែន”។


គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍នេះផងដែរ លោក Dmytro Kuleba ក៏បានសរសេរលើបណ្ដាញសង្គមធ្វីតធ័រថា ប្រទេសអ៊ុយក្រែន ដែលមិនមែនជាសមាជិកណាតូ ប៉ុន្តែព្យាយាមស្វែងរកចំណងមិត្តភាពកាន់តែជិតស្និទ្ធឡើងជាមួយសម្ពន្ធមិត្តយោធាអាត្លង់ទិកនោះ កំពុងតែធ្វើការងារជាមួយបណ្ដាប្រទេសលោកខាងលិច លើកញ្ចប់ទប់ស្កាត់ដ៏ធំ ដោយរួមមានទាំងទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ ដើម្បីបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ី៕

ប្រែសម្រួល៖ប៉ាង កុង

To Top