Covid-19

វៀតណាម ខាតបង់ទឹកប្រាក់ ៣៧ពាន់លានដុល្លារ ដោយសារជំងឺកូវីដ-១៩

ហាណូយ៖ យោងតាមមន្ត្រីមួយរូបបានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ត្រូវបានគេប៉ាន់ប្រមាណថា នឹងបាត់បង់ប្រហែល ៣៧ពាន់លានដុល្លារអាមេរិក ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ នៅចុងឆ្នាំនេះ។

លោក Nguyen Thanh Phong អនុប្រធានគណៈកម្មាធិការ សេដ្ឋកិច្ចក្រោមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានធ្វើការកត់សម្គាល់នៅក្នុង វេទិកាពិភាក្សាអំពីវិធានការស្តារសេដ្ឋកិច្ច ដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យ នៅទីក្រុងហាណូយរបស់វៀតណាម។

លោក Phong បានលើកឡើងថា ប្រសិនបើវាមិនមែន សម្រាប់ជំងឺរាតត្បាតកូវីដ-១៩ ទេនោះ សេដ្ឋកិច្ចរបស់ប្រទេសអាចកើនឡើង ៧ភាគរយ ក្នុងមួយឆ្នាំក្នុងរយៈពេល ពីរឆ្នាំចុងក្រោយនេះ។ ទោះជាយ៉ាងណាក៏ដោយ តាមពិតវាបានពង្រីក ២,៩១ភាគរយក្នុងឆ្នាំ២០២០ ហើយត្រូវបានគេរំពឹងថានឹងកើនឡើងត្រឹមតែ ២,៥ភាគរយនៅឆ្នាំ២០២១។

មន្ត្រីរូបនេះបានបន្ដថា ដើម្បីទប់ទល់នឹងផល ប៉ះពាល់នៃជំងឺរាតត្បាតនេះ ចាំបាច់ត្រូវមានដំណោះស្រាយស្តារឡើងវិញយ៉ាងទូលំទូលាយ ជាមួយនឹងកត្តាជំរុញកំណើនចំនួន ៤គឺ ការវិនិយោគ ការនាំចេញ ការប្រើប្រាស់ក្នុងស្រុក និងការផ្លាស់ប្តូរឌីជីថល។

យោងតាមការិយាល័យស្ថិតិទូទៅ របស់ខ្លួនបានឱ្យដឹងថា ប្រទេសវៀតណាមបានប្រកាសពីកំណើនផលិតផលក្នុងស្រុក សរុបតិចតួចចំនួន ១,៤២ភាគរយក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ ដោយសារផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរនៃជំងឺរាតត្បាតកូវីដ-១៩។

ប្រទេសនេះនឹងខិតខំ ដើម្បីសម្រេចបាននូវ អត្រាកំណើនសេដ្ឋកិច្ចចន្លោះពី ៦ ទៅ ៦,៥ ភាគរយក្នុងឆ្នាំ២០២២ ក្រោមផែនការដែលបាន សម្រេចនាពេលថ្មីៗនេះ ដោយសភាកំពូលរបស់ខ្លួន ៕

ដោយ ឈូក បូរ៉ា

To Top