បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ប្រើប្រាស់កិច្ចពិភាក្សាតាមវីដេអូខលជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន នៅថ្ងៃអង្គារនេះ ប្រាប់លោកថា ប្រទេសរុស្ស៊ីនឹងទទួលរងទណ្ឌកម្មធ្ងន់ធ្ងរបំផុត ប្រសិនបើធ្វើការឈ្លានពានប្រទេសអ៊ុយក្រែន។
ក្រុមមន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ទណ្ឌកម្មដែលប្រភពមួយនិយាយថា អាចនឹងផ្តោតគោលដៅលើធនាគារដ៏ធំបំផុតរបស់រុស្ស៊ី និងសមត្ថភាពរបស់ទីក្រុងមូស្គូក្នុងការប្តូរប្រាក់រូបទៅជាប្រាក់ដុល្លារ និងរូបិយប័ណ្ណដទៃផ្សេងទៀតនោះ គឺត្រូវបានរៀបចំឡើង ដើម្បីបង្អាក់លោក ពូទីន មិនឲ្យប្រើប្រាស់កងទ័ពរាប់ពាន់នាក់ ដែលប្រមូលផ្តុំនៅជិតព្រំដែនប្រទេសអ៊ុយក្រែន។
វិមានក្រឹមឡាំង នាពេលថ្មីៗនេះ បានបដិសេធថាគ្មានបំណងវាយប្រហារអ៊ុយក្រែន និងបាននិយាយថា គោលជំហររបស់កងទ័ពខ្លួន គឺជាកិច្ចការពារ ដោយបង្ហាញក្តីព្រួយបារម្ភស្តីពីបំណងអ៊ុយក្រែន ហើយខ្លួនធានាថា ទីក្រុងគៀវនឹងមិនប្រើប្រាស់កងកម្លាំងព្យាយាមដណ្ដើមយកតំបន់ដែលបាត់បង់ទៅស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមបះបោរគាំទ្រដោយរុស្ស៊ី។
គួរបញ្ជាក់ថា នៅមុនកិច្ចពិភាក្សាគ្នាដោយផ្ទាល់ជាមួយលោក ពូទីន ចាប់តាំងពីខែកក្កដាមក លោក បៃដិន បានធ្វើការពិភាក្សាគ្នាជាមួយសម្ពន្ធមិត្តអឺរ៉ុប កាលពីថ្ងៃចន្ទ ដោយនិយាយអំពីផែនការសម្រាប់ការដាក់ទណ្ឌកម្មលើរុស្ស៊ី និងស្វែងរកគោលជំហរសម្ពន្ធមិត្តដ៏រឹងមាំ ក្នុងការគាំទ្រដល់បូរណភាពទឹកដីនិងអធិបតេយ្យភាពរបស់ប្រទេសអ៊ុយក្រែន៕ប្រែសម្រួល៖ប៉ាង កុង