ព័ត៌មានជាតិ

ក្រសួងសាធារណការ ប្រជុំរិះរកគំនិត ធ្វើឲ្យប្រសើរឡើង ការដឹកជញ្ជូន នៅច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម

ភ្នំពេញ ៖ លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៧ ធ្នូ បានដឹកនាំកិច្ចប្រជុំក្រុមការងារចម្រុះ ដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រតិបត្តិការដឹកជញ្ជូននៅច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម តាមប្រព័ន្ធវីដេអូ ជាមួយលោកអនុរដ្ឋមន្ត្រីដឹកជញ្ជូនវៀតណាម Le Dinh Tho ។

កិច្ចប្រជុំនេះ ពិនិត្យមើលវឌ្ឍនភាពរួម ស្តីពីការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម និងពិនិត្យពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយចំពោះការកកស្ទះចរាចរណ៍ដោយសារការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែននៅច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម។

នាឱកាសនោះ លោករដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ពីការរីកចម្រើនឥតឈប់ឈរទាក់ទងនឹងវិស័យដឹកជញ្ជូននាពេលបច្ចុប្បន្ន ទោះបីកម្ពុជាជួបប្រទះនឹងវិបត្តិនៃការឆ្លងរាតត្បាតពីជំងឺ កូវីដ-១៩ យ៉ាងណាក៍ដោយ។

សូមបញ្ជាក់ថា ការបើកច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម នឹងបើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសទាំងពីរ បង្កើនការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន បង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងការទាក់ទាញភ្ញៀវទេសចរណ៍ដែលកត្តាទាំងនេះជាកម្លាំងចលករ យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមរបស់ប្រជាជាតិទាំងពីរផងដែរ៕

To Top