ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន ស្វាគមន៍ការជំទាស់ជាអន្ដរជាតិ ចំពោះផែនការតាំង ទីលំនៅរបស់អ៊ីស្រាអែល នៅយេរ៉ូសាឡឹមខាងកើត

រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានសាទរចំពោះការប្រឆាំង របស់សហគមន៍អន្តរជាតិ ចំពោះការកសាងឡើងវិញ នូវអគារចំនួន ៩០០០យូនីត នៅក្នុងការតាំងទីលំនៅ របស់អ៊ីស្រាអែល នៅយេរ៉ូសាឡឹមខាងកើត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

ក្រសួងការបរទេសប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបន្ថែមថា “ជំហររបស់សហគមន៍អន្តរជាតិ គឺជាជំហានជាក់ស្តែង ក្នុងទិសដៅត្រឹមត្រូវ ហើយត្រូវការជំហានបន្ថែមទៀត ដើម្បីសម្រេច បាននូវគោលដៅ នៃការបញ្ឈប់ការតាំង ទីលំនៅរបស់អ៊ីស្រាអែល” ។

សេចក្តីថ្លែងការណ៍ បានអំពាវនាវដល់ សហគមន៍អន្តរជាតិ “ឱ្យខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីរៀបចំបរិយាកាស សម្រាប់ការចាប់ផ្តើម ដំណើរការសន្តិភាពពិតប្រាកដ នៅមជ្ឈិមបូព៌ា ដោយផ្អែកលើឯកសារយោង សន្តិភាពអន្តរជាតិ និងដំណោះស្រាយរបស់ អង្គការសហប្រជាជាតិ”។

ប្រភពបានឲ្យដឹងទៀតថា ប៉ាឡេស្ទីន ក៏បានជំរុញឱ្យសហរដ្ឋអាមេរិក ចាត់វិធានការ “ជាក់ស្តែង” ជាចម្បងដោយបើកស្ថានកុងស៊ុល អាមេរិកឡើងវិញ ដើម្បីដំណើរការកិច្ចការប៉ាឡេស្ទីន នៅយេរ៉ូសាឡឹមខាងកើត។

កាលពីថ្ងៃអង្គារ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថា គណៈកម្មាធិការរៀបចំផែនការ និងការសាងសង់នៅក្នុងក្រុងយេរូសាឡឹមរបស់អ៊ីស្រាអែល បានពន្យារពេលគម្រោងសាងសង់លំនៅដ្ឋានថ្មីជាង ៩០០០យូនីត នៅលើទឹកដីនៃអាកាសយានដ្ឋាន (Atarot/Qalandia) ។

របាយការណ៍បានឲ្យដឹងថា ការពន្យារពេលនេះបានកើតឡើងបន្ទាប់ពីគណៈកម្មាធិការរៀបចំផែនការ បានស្នើសុំការស្ទង់មតិ ដើម្បីកំណត់ពីផលប៉ះពាល់ បរិស្ថានរបស់ផែនការ ដែលដំណើរការទំនងជាចំណាយពេលច្រើនខែ ឬយូរជាងនេះ។

ប្រភពបានបន្ថែមថាផែនការ ដែលបានបង្ហាញកាលពីខែមុន បានធ្វើឱ្យរដ្ឋបាល របស់ប្រធានាធិបតី អាមេរិក លោក ចូ បៃដិន ខឹងសម្បារ ហើយដើមឡើយត្រូវបានប្រឆាំង ដោយប្រទេសផ្សេងទៀត ដែលគាំទ្រដំណោះស្រាយ រដ្ឋទាំងពីរ៕
ដោយ ឈូក បូរ៉ា

To Top