ព្រុចសែល៖ បុគ្គលិកថែទាំសុខភាពជាង ៤០០០ នាក់បានប្រមូលផ្ដុំគ្នាតវ៉ា នៅទីក្រុងព្រុចសែល ប្រឆាំងនឹងការសម្រេចចិត្ត របស់រដ្ឋាភិបាលសហព័ន្ធ ក្នុងការចាក់វ៉ាក់សាំងជាកំហិត សម្រាប់បុគ្គលិកពេទ្យទាំងអស់។
ជាមួយនឹងផែនការចាក់វ៉ាក់សាំងជាកាតព្វកិច្ចនេះ បុគ្គលិកពេទ្យដែលមិនព្រមទទួលថ្នាំបង្ការ នឹងត្រូវពិន័យ ហើយអាចប្រឈមមុខនឹងការផ្អាកការងារជាបណ្តោះអាសន្ន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រុមអ្នកតវ៉ាបានថ្កោលទោសការចាក់វ៉ាក់សាំងជាកំហិតថាជា “ការរើសអើង ដោយមានផ្ទាំងបដាខ្លះសរសេរថា យើងត្រូវការសុភវិនិច្ឆ័យ និងតោះជួយសង្រ្គោះប្រព័ន្ធថែទាំសុខភាពរបស់យើង ជំនួសឱ្យការបណ្តេញបុគ្គលិក”។
លោក Raphael Meys បុគ្គលិកមន្ទីរពេទ្យនៅខេត្ត Liege បានលើកឡើងថា “មនុស្សគ្រប់រូបមានសិទ្ធិជ្រើសរើស ប៉ុន្តែការគំរាមកំហែងនៃការបណ្តេញបុគ្គលិក ដែលផ្អាកការងារលើបុគ្គលិក គឺមិនអាចទទួលយកបានទេ។ យើងមានបុគ្គលិកតិចតួចរួចទៅហើយ។ ប្រសិនបើយើងឈប់ធ្វើការ វានឹងក្លាយទៅជាគ្រោះមហន្តរាយ ហើយមនុស្សនឹងមានការលើកទឹកចិត្តតិចជាងមុន ដើម្បីចូលក្នុងអាជីពនេះ”។
គួរបញ្ជាក់ថា នៅថ្ងៃទី១៩ ខែវិច្ឆិកា រដ្ឋាភិបាលសហព័ន្ធ បានអនុម័តច្បាប់ ស្តីពីការចាក់វ៉ាក់សាំងជាកំហិត សម្រាប់បុគ្គលិកថែទាំសុខភាពទាំងអស់។ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ បុគ្គលិកគិលានុបដ្ឋាយិកា នឹងមានពេល ៣ខែដើម្បីទទួលថ្នាំបង្ការ។
ចាប់ពីថ្ងៃទី០១ ខែមេសា ក្នុងករណីមិនគោរពតាមកាតព្វកិច្ចចាក់វ៉ាក់សាំងថ្មី បុគ្គលិកនឹងត្រូវបានដកហូតទិដ្ឋាការ ឬលេខចុះឈ្មោះរបស់ពួកគេ ហើយដូច្នេះអាចត្រូវបានបណ្តេញចេញការងារទៀតផង។
អ្នករៀបចំការតវ៉ា (រណសិរ្សសហជីពរួម) បានជួបប្រជុំជាមួយប្រធានបុគ្គលិកនៃរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Franck Vandenbroucke ហើយកិច្ចប្រជុំមួយទៀតក៏ត្រូវបានគ្រោងធ្វើនៅសប្តាហ៍ក្រោយផងដែរ៕
ដោយ ឈូក បូរ៉ា