ព័ត៌មានជាតិ

លោករដ្ឋមន្ត្រី ក្រសួងធនធានទឹក ជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ជូនលោកតា លោកយាយ មានជីវភាពខ្វះខាត នៅក្នុងស្រុកពញាឮ

ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពញាឮ រួមជាមួយក្រុមការងារ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២១នេះ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ដោយផ្ទាល់ជាមួយលោកតា លោកយាយ ដែលមានជីវភាពខ្វះខាត ចំនួន ៩៨៣ នាក់ ក្នុងស្រុកពញាឮ ។

មានមតិសំណេះសំណាលនាឱកាសនេះ លោករដ្ឋមន្រ្តី ក្នុងនាមថ្នាក់ដឹកនាំក្រុមការងារ ចុះមូលដ្ឋាន ស្រុកពញាឮ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនលោកតា លោកយាយទូទាំងស្រុកពញាឮ ជាពិសេស លោកតា លោកយាយដែលអញ្ជើញមកទទួលអំណោយនាព្រឹកនេះ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការ នយោបាយណាមួយឡើយ ។

អនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែល សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងទន្លេមេគង្គ ស្ទឹងត្រង់ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងមកនេះ សម្ដេច បានណែនាំឱ្យយកចិត្តទុកដាក់ផ្ដល់នូវអាវរងា ភួយ ជូនមនុស្សចាស់ ក្នុងស្ថានភាពអាកាសធាតុ ចុះត្រជាក់នារដូវរំហើយ ដែលអាចនឹងបន្តរហូតដល់ខែកុម្ភៈ ឆ្នាំ ២០២២ ។

លោករដ្ឋមន្រ្តី និងក្រុមការងារចុះមូលដ្ឋានស្រុកពញាឮ បានផ្តល់ជូនលោកតា លោកយាយដែលមានជីវភាពខ្វះខាត ទូទាំងស្រុកពញាឮ ចំនួន ៩៨៣ នាក់ ដោយម្នាក់ៗ​ ទទួលបានភួយចំនួន ០១ និងថវិកាចំនួន ១០ ម៉ឺនរៀល និង ដោយ ឃើញ ការ លំបាក របស់ លោកតា លោកយាយ មួយចំនួន ពិបាកក្នុង ការធ្វើ ណើរ លោកប្រធានក្រុមការងារ ក៏បានជួយឧបត្ថម្ភ ឈើច្រត់មួយ ចំនួនសម្រាប់ ពួកគាត់ផងដែរ ។

ជាមួយគ្នានេះ លោកប្រធានក្រុមការងារ ក៏បានផ្តាំផ្ញើដល់ លោកតា លោកយាយ ទាំងអស់ ត្រូវប្រកាន់ខ្ជាប់ នូវវិធានការសុខាភិបាល និង បានណែនាំបន្ថែមដល់រដ្ឋបាលស្រុកពញាឮ ត្រូវ តាមដានជាប់ជាប្រចាំ ពិសេសចំពោះជីវភាពរស់នៅ និងសុខទុក្ខរបស់បងប្អូនទាំងអស់ក្នុងស្រុកពញាឮ ធ្វើយ៉ាងណា កុំឲ្យ បងប្អូនយើង ស្លាប់ដោយសារខ្វះស្បៀង អាហារ ដោយ យើងមិនបានដឹងនិងមិនបានជួយ ៕

To Top