បរទេស៖ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយនៅថ្ងៃសុក្រនេះថា លោកបានពិភាក្សាគ្នាពីវិធី បើកកិច្ចពិភាក្សាសន្តិភាព៤ផ្លូវ ស្តីពីជម្លោះនៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត ជាមួយនឹងប្រធានាធិបតីបារាំង លោក Emmanuel Macron។
យោងងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា លោកបាននិយាយក្នុងសារធ្វីតធ័រមួយយ៉ាងដូច្នេះថា “បានព្រមព្រៀងគ្នាលើវិធានការរួមគ្នាបន្ទាប់ និងបានពិភាក្សាគ្នាពីការគម្រាមកំហែង ចំពោះសន្តិសុខថាមពល និងភាពចម្រុះនៃប្រភពថាមពល”។
គួរបញ្ជាក់ថា ប្រទេសអ៊ុយក្រែន នាពេលថ្មីៗនេះ បានជំរុញសម្ពន្ធមិត្តរបស់អង្គការណាតូ ផ្តល់ការគាំទ្រចំពោះជម្លោះរបស់ខ្លួន ជាមួយនឹងទីក្រុងមូស្គូ ជុំវិញសកម្មភាពយោធារបស់ប្រទេសរុស្ស៊ី នៅជិតព្រំដែនរបស់ប្រទេសអ៊ុយក្រែនភាគខាងកើត។
ទីក្រុងគៀវនិងទីក្រុងមូស្គូ កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើការថ្កោលទោសរិះគន់ដាក់គ្នាទៅវិញទៅមក ចំពោះការបរាជ័យមិនអាចព្រមព្រៀងគ្នាលើបទឈប់បាញ់គ្នាថ្មីមួយ នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត ជាទីដែលកងទ័ពអ៊ុយក្រែន បានប្រយុទ្ធគ្នានឹងពួកបះបោរគាំទ្រដោយរុស្ស៊ី តាំងពីឆ្នាំ២០១៤មក៕ប្រធានាធិបតីអ៊ុយក្រែន ពិភាក្សាពីដំណើរការសន្តិភាព អ៊ុយក្រែនភាគខាងកើត ជាមួយប្រធានាធិបតីបារាំង។