ព័ត៌មានអន្តរជាតិ

ភ្លៀងធ្លាក់ខ្លាំង ២ទៅ៣សប្តាហ៍ ធ្វើឱ្យតំបន់ជាច្រើននៅប្រទេសបារាំង ជន់លិច

បរទេស៖ តំបន់ជាច្រើននៅភាគនិរតី នៃប្រទេសបារាំង ត្រូវបានជន់លិចបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង ក្នុងរយៈពេលពីរទៅបីសប្តាហ៍មកនេះ។ ភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឱ្យទឹកទន្លេឡើង និងបង្កឱ្យមានការបាក់ដី នៅតាមតំបន់មួយចំនួន បង្ខំឱ្យអ្នកស្រុកត្រូវភៀសខ្លួន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ទីភ្នាក់ងារឧតុនិយមបារាំង Meteo France បានចេញការព្រមានពណ៌ក្រហមនៅក្នុងនាយកដ្ឋាន Pyrenees-Atlantiques និង Landes ដោយពណ៌នាអំពីភ្លៀងធ្លាក់ថា «គួរឱ្យកត់សម្គាល់សម្រាប់រយៈពេលរបស់វា និងបរិមាណដែលរំពឹងទុកដែលភ្លៀងបានធ្លាក់»។ នាយកដ្ឋានចំនួន ១១ ផ្សេងទៀតស្ថិតនៅក្រោមការជូនដំណឹងពណ៌ទឹកក្រូច។

រដ្ឋបាលខេត្ត Pyrenees-Atlantiques បានដាស់តឿនអ្នកស្រុកឱ្យសង្កេត “ការប្រុងប្រយ័ត្នបំផុត” និង “ជៀសវាងការធ្វើដំណើរ” នៅក្នុងតំបន់ បន្ទាប់ពីការកើនឡើងនៃកម្ពស់ទឹកបានជន់លិចផ្នែកនៃផ្លូវហាយវេ នៅជិតទីក្រុងធំ Bayonne។ ខ្សែរថភ្លើងដែលតភ្ជាប់ពី Bayonne និងផ្នែកផ្សេងទៀតនៃតំបន់ក៏ត្រូវបានបិទផងដែរ បន្ទាប់ពីមានការរអិលបាក់ដី៕

ប្រែសម្រួលៈ ណៃ តុលា

To Top