ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងតំណាងប្រចាំប្រទេសអាណត្តិថ្មី នៃកម្មវិធីអភិវឌ្ឍន៍សហ ប្រជាជាតិ (UNDP) ប្រចាំកម្ពុជា បានបង្ហាញជំហរ យ៉ាងមុតមាំ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និង ភាពជាដៃគូ ដើម្បីបន្តសម្រេចបាននូវសមិទ្ធផល ដូចបានគ្រោងទុក។

ការបង្ហាញជំហរ បែបនេះធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងារ រវាងលោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយក រដ្ឋមន្ត្រី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោកស្រី Alissar Chaker តំណាងប្រចាំប្រទេសអាណត្តិថ្មី នៃកម្មវិធីអភិវឌ្ឍន៍សហ ប្រជាជាតិ (UNDP) ប្រចាំកម្ពុជា កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២១ ។
ក្នុងជំនួបនេះ លោក ឈៀង យ៉ាណារ៉ា បានទទួលស្វាតមន៍យ៉ាងកក់ក្តៅ និងអបអរសាទរដល់លោកស្រី Alissar Chaker ដែលត្រូវបានតែងតាំងជាតំណាង ប្រចាំប្រទេសនៃកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា ។

លោក ឈៀង យ៉ាណារ៉ា ក៍បានវាយតម្លៃខ្ពស់ទៅលើ សមិទ្ធផលការងារ ដែលសម្រេចបាននានា ក្នុងការអនុវត្តផែនការ សកម្មភាពប្រចាំប្រទេសរបស់អង្គការ UNDP កន្លងមក។
ឆ្លៀតឱកាសនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អង្គការ UNDP ក្នុងការឆ្លើយតបទៅនឹង ការរីករាលដាលន ជំងឺកូវីដ-១៩ និងការត្រៀមខ្លួនចូលរួមចំណែក ស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ។
លោកស្រី Alissar Chaker បានបង្ហាញសេចក្តីសោមនស្សរីករាយ ដែលបានមកបំពេញការងារនៅក្នុង ប្រទេសកម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងសមិទ្ធផលដែល សម្រេចបានក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស ជាពិសេសក្នុងបរិការណ៍ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។
បន្ថែមពីនេះ លោកស្រី បានកោតសរសើរចំពោះ គ.ជ.៣ ក.អ.ក ដែលបានអនុវត្តគម្រោង ភាពជាដៃគូដើម្បីលទ្ធផល នៃកិច្ចអភិវឌ្ឍន៍ (Partnerships for Development Results-PfDR) ដំណាក់កាលទី១ និងទី២ ដោយជោគជ័យ និងទទួលលទ្ធផលតាមការរំពឹងទុក ។ លោកស្រី បានបញ្ជាក់ថាអង្គការ UNDPនឹងបន្តផ្តល់ការគាំទ ដល់គម្រោងនេះក្នុងដំណាក់កាលទី៣ ផងដែរ ។
ជាលទ្ធផលនៃកិច្ចពិភាក្សាផ្លាស់ប្តូរ យោបល់រវាងដៃគូទាំងពីរ អង្គការ UNDP បានសម្រេចបន្តជួយគាំទ្រ ដល់ការងារអាទិភាពចំនួន ៣ រួមមាន៖
១) ការពិនិត្យលទ្ធភាព ក្នុងការពង្រឹងយន្តការសម្របសម្រួល និងពិគ្រោះយោបល់ ស្តីពីប្រសិទ្ធភាពកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូត្រប់កម្រិត
២) ការផ្តល់ការសម្របសម្រួល ដល់ការរៀបចំរបាយការណ៍ ត្រួតពិនិត្យដោយស្ម័គ្រចិត្តថ្នាក់ជាតិ (Volurtary National Review) ដែលនឹងដឹកនាំដោយក្រសួងផែនការ ដោយធ្វើការពិនិត្យលើផលប៉ះពាល់នៃវិបត្តិជំងឺកូវី៥-១៩ ទៅលើការអនុវត្តក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ និងផ្តល់ជាអនុសាសន៍គោលនយោបាយ
៣) ការសិក្សាលម្អិតទៅលើផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនានា បន្ទាប់ពីប្រទេសកម្ពុជាបានចាកចេញពីក្រុម ប្រទេសមានការអភិវឌ្ឍតិចតួច និងរៀបចំអនុសាសន៍គោលនយោបាយដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ។
គួរបញ្ជាក់ផងដែរថា ចាប់ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០២១ អង្គការ UNDP បានបើកផ្ដល់ហិរញ្ញប្បទាន សហប្រតិបត្តិការសរុបប្រមាណ ២១៦លានដុល្លារអាមេរិក ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។
ជាកិច្ចបញ្ចប់ ភាគីទាំងពីរ បានបង្ហាញពីគោលជំហរយ៉ាងមុតមាំ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និង ភាពជាដៃគូ ដើម្បីបន្តសម្រេចបាននូវសមិទ្ធផល ដូចបានគ្រោងទុក ៕
