បរទេស៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានព្រមព្រៀងគ្នា នៅថ្ងៃសៅរ៍សប្ដាហ៍នេះ លើភាពចំបាច់ក្នុងការពង្រឹង សម្ពន្ធភាព របស់ប្រទេសទាំងពីរ ស្របពេលបរិយាកាស សន្តិសុខ ក្នុងតំបន់កាន់តែតានតឹងឡើង។
តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News បានឲ្យដឹងថា លោក Antony Blinken និងលោក Yoshimasa Hayashi បានប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា នៅក្រៅកិច្ចប្រជុំក្រុមរដ្ឋមន្ត្រីការបរទេស G7 នៅក្នុងទីក្រុង Liverpool ប្រទេសអង់គ្លេស។
នៅក្នុងសន្និសីទកាសែទមួយ មន្ត្រីរដ្ឋាភិបាលជប៉ុនមួយរូបបាននិយាយប្រាប់ថា “លោករដ្ឋមន្ត្រី (ទាំងពីរ) ស្របពេលមានបរិយាកាសសន្តិសុខក្នុងតំបន់កាន់តែអាក្រក់នោះ បានព្រមព្រៀងគ្នាថា វាជារឿងមិនអាចខ្វះបានក្នុងការជំរុញបង្កើនសមត្ថភាពទប់ស្កាត់និងឆ្លើយតបនៃសម្ពន្ធភាពជប៉ុន-អាមេរិក”។
គួរបញ្ជាក់ថា ប្រឈមមុខនឹងការប្រមូលផ្តុំកម្លាំងយោធារបស់ចិន និងកម្មវិធីនុយក្លេអ៊ែនិងមីស៊ីលរបស់កូរ៉េខាងជើងនោះ លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា លោកមានគម្រោងពង្រឹងជាមូលដ្ឋាន នូវគោលជំហរការពារជាតិរបស់ជប៉ុន ដោយពិចារណាក្នុងជម្រើសនានា រួមទាំងការទទួលបានសមត្ថភាពវាយប្រហារមូលដ្ឋានរបស់សត្រូវផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង
