បរទេស៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិកនឹងបញ្ជូនមន្ត្រីការទូត ជាន់ខ្ពស់របស់ខ្លួន ប្រចាំនៅអឺរ៉ុប ឲ្យធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន ដើម្បីពិភាក្សាអំពីការប្រមូលផ្តុំ កងទ័ពរុស្ស៊ី និងរំឭកជាថ្មីពីការប្តេជ្ញា របស់សហរដ្ឋអាមេរិក ចំពោះអធិបតេយ្យភាព របស់អ៊ុយក្រែន។
ក្រសួងបាននិយាយយ៉ាងដូច្នេះថា អនុរដ្ឋមន្ត្រីទទួលបន្ទុកការិយាល័យ សម្រាប់កិច្ចការអឺរ៉ុបនិងអឺរ៉ាស៊ី លោក Karen Donfried នឹងធ្វើដំណើរទៅកាន់ទីក្រុងគៀវ ប្រទេសអ៊ុយក្រែន និងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី នៅថ្ងៃទី១៣ដល់១៥ ខែធ្នូ ដើម្បីជួបជាមួយមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់នានា ពិភាក្សាគ្នាពីការប្រមូលផ្តុំយោធារបស់រុស្ស៊ី និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញា របស់សហរដ្ឋអាមេរិក ចំពោះអធិបតេយ្យភាព ភាពឯករាជ្យ និងបូរណភាពទឹកដី របស់ប្រទេសអ៊ុយក្រែន។
តាមសេចក្តីរាយការណ៍ ក្រសួងការបរទេសអាមេរិកបានបន្តទៀតថា “លោក Donfried នឹងធ្វើការសង្កត់ធ្ងន់ថា យើងអាចបង្កើតឲ្យមានដំណើរវិវត្តរីកចម្រើនផ្នែកការទូត លើការបញ្ចប់ជម្លោះនៅក្នុងតំបន់ Donbas តាមរយៈការអនុវត្តកិច្ចព្រមព្រៀងទីក្រុងមីនស្កិ៍ ក្នុងដំណើរគាំទ្រដល់ទម្រង់ Normandy”។
គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅសៅរ៍សប្ដាហ៍នេះ បាននិយាយថា លោកបាននិយាយប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីនថា ប្រទេសរុស្ស៊ីនឹងបង់តម្លៃខ្ពស់ និងប្រឈមមុខផលវិបាកសេដ្ឋកិច្ចដ៏អាក្រក់ ប្រសិនបើរុស្ស៊ីហ៊ានបំពានប្រទេសអ៊ុយក្រែន៕
ប្រែសម្រួល៖ប៉ាង កុង