ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចេញសេចក្ដីជូនដំណឹង ដល់សាធារណជនឱ្យបានជ្រាបថា ក្នុងរដូវនេសាទឆ្នាំ២០២១-២០២២នេះ បន្ទាប់ពីបានធ្វើការសង្កេតតាមដានកំពស់ ទឹកដែលហូរចេញពីបឹងទន្លេសាប ពិនិត្យឃើញថា គន្លងដាយនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកណ្តាល និង រាជធានីភ្នំពេញ អាចនេសាទត្រីបានច្រើននៅក្នុងខែមិគសិរនេះ នៅថ្ងៃ៨កើត ដល់ថ្ងៃ១២កើត ត្រូវនឹងថ្ងៃទី១២ រហូត ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ប្រសិនបើមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលព្យុះ។
យោងលើស្ថានភាពដូចបានជម្រាបជូនខាងលើ រដ្ឋបាលជលផល សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋដែល មានបំណងដូចជា ការធ្វើប្រហុក ផ្អក ឬត្រីឆ្អើរ ជាដើម សម្រាប់ទុកបរិភោគប្រចាំឆ្នាំ សូមមេត្តាអញ្ជើញមកទិញត្រីឱ្យ
បានរួសរាន់ តាមពេលវេលា និងទីកន្លែងដូចខាងលើ។ ទន្ទឹមនឹងនេះ រដ្ឋបាលជលផលសូមសំណូមពរ ដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយបង្កលក្ខណៈងាយស្រួល ជូនដល់បងប្អូនប្រជាពលរដ្ឋ បានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផលិតផលត្រី បានដោយរលូនតាមការគួរ៕