ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក ធ្វើដំណើរមកអាស៊ីអាគ្នេយ៍ ដើម្បីធ្វើកិច្ចសហការ ឲ្យកាន់តែស៊ីជម្រៅ ចំពោះការទប់ទល់នឹងចិន

បរទេស៖ រដ្ឋបាលលោក បៃដិន នឹងព្យាយាមជំរុញបង្កើន សហប្រតិបត្តិការ សេដ្ឋកិច្ចនិងសន្តិសុខ ជាមួយតំបន់អាស៊ីអាគ្នេយ៍ តាមរយៈដំណើរទស្សនកិច្ច មកកាន់តំបន់នេះនៅក្នុងសប្ដាហ៍ក្រោយ ដោយរដ្ឋមន្ត្រីការបរទេស ទន្ទឹមនឹងការធ្វើការងារដើម្បី បង្កើតការរួបរួមទប់ទល់នឹងចិន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken តាមសេចក្តីរាយការណ៍ នឹងធ្វើដំណើរមកដល់រដ្ឋធានី នៃប្រទេសឥណ្ឌូនេស៊ី នាថ្ងៃចន្ទស្អែកនេះ ហើយក៏នឹងធ្វើទស្សនកិច្ច ប្រទេសម៉ាឡេស៊ីនិងប្រទេសថៃ ក្នុងដំណើរទស្សនកិច្ចនៅតំបន់ អាស៊ីអាគ្នេយ៍ដំបូងរបស់លោក ចាប់តាំងពីលោកប្រធានាធិបតី ចូ បៃដិន ឡើងកាន់តំណែងក្នុងខែមករាមក។

លោក Antony Blinken នឹងបង្ហាញគោលបំណងរបស់លោក បៃដិន ក្នុងការបង្កើនកិច្ចចូលរួមជាមួយ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ឲ្យដល់កម្រិតមួយដែល មិនធ្លាប់មានពីមុនមក ផ្តោតលើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខក្នុងតំបន់ ក្នុងទីចំពោះមុខនៃការ បំភិតបំភ័យរបស់ចិន និងពិភាក្សាពីចក្ខុវិស័យ របស់លោកប្រធានាធិបតី សម្រាប់ទម្រង់សេដ្ឋកិច្ចតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

គួរបញ្ជាក់ថា តំបន់អាស៊ីអាគ្នេយ៍ បានក្លាយជាសមរភូមិយុទ្ធសាស្ត្រមួយ រវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលសុទ្ធតែជាមហាអំណាច សេដ្ឋកិច្ចធំបំផុតលើពិភពលោក។ ប្រទេសចិនអះអាងកម្មសិទ្ធិ លើផ្នែកភាគច្រើននៃ ដែនសមុទ្រចិនខាងត្បូង ដែលជាផ្លូវជំនួញដ៏សំខាន់តភ្ជាប់តំបន់ និងបានបង្កើនសម្ពាធយោធា និងនយោបាយលើតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថា ជាទឹកដីខ្លួន ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top