បរទេស៖ប្រសិតអង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បានមានប្រសាសន៍ថា អារ៉ាប៊ីសាអូឌីតចង់បានកិច្ចពិភាក្សាគ្នាដ៏សំខាន់ៗបន្ថែម ជាមួយប្រទេសអ៊ីរ៉ង់ ប៉ុន្តែថារហូតមកទល់ពេលបច្ចុប្បន្ននេះ ទីក្រុងតេអេរ៉ង់កំពុងតែធ្វើការដេញថ្លៃយកពេលវេលាខ្លួន និងលេងល្បែងនៅក្នុងកិច្ចពិភាក្សានោះ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា លោក Abdallah Al-Mouallimi ជាប្រេសិតអង្គការសហប្រជាជាតិប្រចាំក្នុងទីក្រុងរីយ៉ាដ បានប្រាប់កាសែតអារ៉ាប៊ីសាអូឌីត នៅក្នុងកិច្ចសម្ភាសន៍មួយ ដែលចេញផ្សាយនៅថ្ងៃចន្ទនេះថា មិនទាន់មានលទ្ធផលធំដុំបានសម្រេចនោះទេ។
លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងចង់ជំរុញកិច្ចពិភាក្សាគ្នាទាំងនេះ ឲ្យឆ្ពោះទៅរកបញ្ហាសំខាន់ៗនានា ដែលមានជាប់ពាក់ព័ន្ធនឹងឥរិយាបថរបស់រដ្ឋាភិបាលអ៊ីរ៉ង់ នៅក្នុងតំបន់”។
គួរបញ្ជាក់ថា ប្រទេសអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់ នៅក្នុងឆ្នាំនេះ បានចាប់ផ្តើមធ្វើកិច្ចពិភាក្សាគ្នាដោយផ្ទាល់ ស្របពេលដែលមហាអំណាចពិភពលោកនានា កំពុងតែព្យាយាមស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែជាមួយទីក្រុងតេអេរ៉ង និងស្របពេលដែលមានកិច្ចប្រឹងប្រែងដឹកនាំដោយអង្គការសហប្រជាជាតិ ដើម្បីបញ្ចប់សង្គ្រាមនៅយេម៉ែន៕ប្រែសម្រួល៖ប៉ាង កុង