បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារថា ប្រទេសរុស្ស៊ីគ្មានទីត្រូវដកថយ នៅក្នុងជម្លោះជាប់គាំងមួយ ជាមួយសហរដ្ឋអាមេរិក ជុំវិញបញ្ហាប្រទេសអ៊ុយក្រែន ហើយនឹងបង្ខំចិត្តចូលទៅ ក្នុងការឆ្លើយតបដ៏ខ្លាំងក្លា ប្រសិនបើលោកខាងលិច មិនទម្លាក់ចោលខ្សែបន្ទាត់ ឈ្លានពានរបស់ខ្លួន។
លោក ពូទីន បានថ្លែងយ៉ាងដូច្នោះប្រាប់ដល់មន្ត្រីយោធា ស្របពេលដែលប្រទេសរុស្ស៊ី បានជំរុញឲ្យមានការឆ្លើយតប បន្ទាន់ពីសហរដ្ឋអាមេរិក និងអង្គការសម្ពន្ធមិត្តយោធាណាតូ ចំពោះសំណើដែលខ្លួន បានដាក់កាលពីសប្ដាហ៍មុន សុំឲ្យមានការធានាសន្តិសុខ តាមផ្លូវច្បាប់ពីលោកខាងលិច។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន CNBC នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា លោកប្រធានាធិបតីរុស្ស៊ីរូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “អ្វីដែលសហរដ្ឋអាមេរិក កំពុងតែធ្វើនៅក្នុងប្រទេសអ៊ុយក្រែន គឺស្ថិតនៅមាត់ទ្វាររបស់យើង ហើយពួកគេគួរតែយល់ថា យើងគ្មានទីត្រូវ ដកថយថែមទៀតនោះទេ។ តើពួកគេគិតថា យើងនឹងសម្លឹងមើលស្ងប់ស្ងៀមឬ?”។
លោក ពូទីន បានបន្តទៀតយ៉ាងដូច្នេះថា “ប្រសិនបើបន្ទាត់ឈ្លានពាន របស់សហសេវិកលោកខាងលិច របស់យើង នៅតែបន្តនោះ យើងនឹងចាត់វិធានការឆ្លើយតប តាមបច្ចេកទេសយោធាដ៏សមស្រប និងធ្វើប្រតិកម្មយ៉ាងខ្លាំងក្លា ចំពោះវិធានការអមិត្តនានា” ៕
ប្រែសម្រួល៖ ប៉ាង កុង