ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ថា តួលេខនៃជំងឺកូវីដ-១៩របស់ប្រទេសឥណ្ឌា បានកើនឡើងដល់៣៤.៧៥៨.៤៨១នាក់ គិតត្រឹមថ្ងៃពុធនេះ ខណៈដែលករណីថ្មីចំនួន៦.៣១៧នាក់ ត្រូវបានចុះបញ្ជីក្នុងរយៈពេល២៤ម៉ោងកន្លងមកនៅទូទាំងប្រទេស ។ ក្រសួងសុខាភិបាលសហព័ន្ធបានបង្ហាញទិន្នន័យចុងក្រោយរបស់ ខ្លួនឲ្យដឹងថាយ៉ាងដូច្នេះ ។
ក្រៅពីនេះ អ្នកស្លាប់ចំនួន៣១៨នាក់ដោយសារជំងឺរាតត្បាតត្រូវបានរាយការណ៍ចាប់តាំងពីព្រឹកថ្ងៃអង្គារ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៤៧៨.៣២៥នាក់ ។
នៅតែមានករណីឆ្លងជំងឺកូវីដ-១៩ សកម្មចំនួន៧៨.១៩០នាក់នៅក្នុងប្រទេសនេះ បើទោះបីជាមានករណីសកម្មចំនួន៩០៧ នាក់ដែលបានធ្លាក់ចុះក្នុងរយៈពេល២៤ម៉ោងចុងក្រោយក៏ដោយ ។ សេចក្តីថ្លែងការណ៍ផ្លូវការមួយដោយក្រសួងសុខាភិបាលសហព័ន្ធបានឲ្យដឹងថា “ករណីផ្ទុកមេរោគដែលសកម្មរបស់ឥណ្ឌា គឺទាបបំផុតក្នុងរយៈពេល៥៧៥ថ្ងៃកន្លងមក” ។
មនុស្សសរុបចំនួន៣៤.២០១.៩៦៦នាក់ត្រូវបានព្យាបាល និងចាកចេញពីមន្ទីរពេទ្យទាំងស្រុង ក្នុងនោះ៦.៩០៦នាក់ត្រូវបានអនុញ្ញតឲ្យចាកចេញពីមន្ទីរពេទ្យវិញ នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ៕
ដោយ៖ ម៉ៅ បុប្ផាមករា