ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ អំពាវនាវប្រតិបត្តិករទេសចរណ៍ បង្កលក្ខណៈងាយស្រួល ក្នុងរយៈពេលប្រឡងបាក់ឌុប

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានអំពាវនាវ ចំពោះប្រតិបត្តិករ ទេសចរណ៍ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្ម ទេសចរណ៍ទាំងអស់ នៅតាមរាជធានី-ខេត្ត ត្រូវបង្កលក្ខណៈងាយស្រួលដល់អនុរក្ស និងសិស្សានុសិស្ស ក្នុងរយៈពេលប្រឡង បធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ធ្វើយ៉ាងណាកុំតម្លើងថ្លៃលើសេវាផ្សេងៗ ។

យោងសេចក្ដីអំពាវនាវ របស់ក្រសួងទេសចរណ៍ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ចាប់ថ្ងៃទី២៧-២៨ ធ្នូ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិនៅទូទាំងប្រទេស ហើយអនុរក្ស និងសិស្សានុសិស្ស អាចនឹងចាំបាច់ត្រូវបម្លាស់ទី មកទីរួមខេត្ត ឬតាមទីតាំងមណ្ឌលប្រឡងផ្សេងៗ ដែលឆ្ងាយពីទីលំនៅបច្ចុប្បន្ន ដើម្បីចូលរួមការប្រឡងនេះ។

ក្រសួងទេសចរណ៍ បញ្ជាក់ថា «ដូច្នេះសូមធ្វើការអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ ជាពិសេសប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មផ្តល់សេវាកម្មស្នាក់នៅ សេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូនអ្នកដំណើរ មេត្តាបង្កលក្ខណៈងាយស្រួលផ្តល់កន្លែង កុំឡើងថ្លៃសេវាកម្ម ឬសម្រួលថ្លៃសេវាកម្ម ចំពោះអនុរក្ស និងសិស្សានុសិស្ស ក្នុងពេលប្រឡងមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ៕

To Top