កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ថា អាជ្ញាធរក្នុងរដ្ឋ Selangor បានឲ្យដឹងថា មនុស្ស៩នាក់ ផ្សេងទៀតត្រូវបាន គេរាយការណ៍ថា បានស្លាប់ ដែលនាំឱ្យចំនួនអ្នកស្លាប់ សរុបដោយសារទឹកជំនន់ ដ៏អាក្រក់ នៅក្នុងប្រទេសម៉ាឡេស៊ី កើនឡើងដល់១៧នាក់គិតត្រឹមថ្ងៃអង្គារ ។
នាយករដ្ឋមន្រ្ដីរដ្ឋ Selangor លោក Amirudin Shari បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា សាកសពបន្ថែមទៀត ត្រូវបានរកឃើញ ខណៈដែលទឹកជំនន់ចាប់ផ្តើមស្រក ដោយបានបន្ថែមថា រដ្ឋាភិបាលរដ្ឋបានប្រមូលធនធាន ចាំបាច់ទាំងអស់ ដើម្បីជួយដល់ជនរងគ្រោះ។
គាត់បានថ្លែងថា “នៅពេលនេះ ការផ្តោតរបស់យើង គឺធានាឱ្យប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះត្រូវបានអនុវត្ត ប្រកបដោយប្រសិទ្ធភាព ហើយពួកគេទៅដល់ អ្នកដែលត្រូវការជំនួយ” ។
ចំនួនអ្នកផ្លាស់ទីលំនៅ ដោយសារទឹកជំនន់ នៅក្នុងប្រទេសម៉ាឡេស៊ី បានកើនឡើងដល់ជាង៦៩.៤០០នាក់នៅក្នុងរដ្ឋចំនួន ៧បូកនឹងទឹកដីសហព័ន្ធនៃទីក្រុងកូឡាឡាំពួរ ផងដែរ គិតត្រឹមម៉ោង១០និង០០នាទីយប់ ។ នេះបើយោងតាមទិន្នន័យ ពីនាយកដ្ឋានសុខុមាលភាពសង្គម ម៉ាឡេស៊ី បានឲ្យដឹងដូច្នេះ ។
រដ្ឋដែលរងគ្រោះខ្លាំងជាងគេគឺ Pahang នៅតាមបណ្តោយ ឆ្នេរសមុទ្រភាគខាងកើត នៃឧបទ្វីបម៉ាឡេស៊ី ដោយមនុស្សជាង ៤២.០០០នាក់ត្រូវបានជម្លៀស ទៅកាន់មជ្ឈមណ្ឌល សង្គ្រោះទឹកជំនន់ បន្ទាប់មកគឺរដ្ឋ Selangor ដែលមានជាង២៣.០០០នាក់ ត្រូវបានជម្លៀសចេញ។
នាយកដ្ឋានឧតុនិយម របស់ប្រទេសនេះ បានព្រមានពីភ្លៀងធ្លាក់បន្ថែមទៀត នៅក្នុងឧបទ្វីបម៉ាឡេស៊ី ជាមួយនឹងភ្លៀង និងព្យុះដែលរំពឹងទុក នៅក្នុងរដ្ឋមួយចំនួន នៅថ្ងៃពុធនេះ ។
ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្ត្រី Ismail Sabri Yaakob បានប្រាប់កិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីនៅព្រឹកនេះថា គេបានរកឃើញថា រដ្ឋដូចជា Terengganu, Kelantan និង Pahang ត្រៀមប្រឈមមុខនឹងគ្រោះទឹកជំនន់ ជាពិសេសក្នុងអំឡុងពេល នៃឆ្នាំនេះ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama ៕
ដោយ៖ ម៉ៅ បុប្ផាមករា