បរទេស៖ អាជ្ញាធរនៅក្នុងទីក្រុង Xi’an របស់ប្រទេសចិន បានដាក់ការចាក់សោរ (បិទខ្ទប់) ទីក្រុង ដោយបិទហាងដែលមិនសំខាន់ និងបិទភោជនីយដ្ឋានទាំងអស់ពីការបើកទ្វារ បន្ទាប់ពីបានរាយការណ៍ អំពីករណីឆ្លងក្នុងស្រុកចំនួន ១៤០ករណី ក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ មន្ត្រីនៅទីក្រុង Xi’an បានប្រកាសពីការអនុវត្តវិធានការថ្មី ដើម្បីការពារការរីករាលដាលនៃវីរុស Covid-19 ។ ហាងដែលមិនចាំបាច់ទាំងអស់ នឹងត្រូវបិទជាបណ្តោះអាសន្ន ខណៈដែលហាងដែលបម្រើអតិថិជន ឱ្យចូលហូបក្នុងហាង នឹងមិនត្រូវបានអនុញ្ញាតឱ្យបើករហូតដល់ចំនួននៃការឆ្លងវីរុសនេះធ្លាក់ចុះ។
ចាប់ពីថ្ងៃព្រហស្បតិ៍នេះ មានមនុស្សតែម្នាក់គត់ក្នុងគ្រួសារនីមួយៗ ដែលអាចចាកចេញពីផ្ទះរបស់ពួកគេធ្វើដំណើរទៅហាងសំខាន់ៗរៀងរាល់ពីរថ្ងៃម្តង។ មន្ត្រី Zhang Fenghu បាននិយាយថា អ្នកផ្សេងទៀតត្រូវតែនៅផ្ទះ លុះត្រាតែពួកគេមានការងារដែលចាត់ទុកថាចាំបាច់ដោយរដ្ឋាភិបាល។
អាជ្ញាធរទីក្រុងក៏បានអំពាវនាវ ដល់ប្រជាជនកុំឱ្យចាកចេញ ពីទីក្រុង Xi’an លុះត្រាតែពួកគេបានធ្វើតេស្ត Covid-19 និងទទួលបានលទ្ធផលអវិជ្ជមាន។ យោងតាមទូរទស្សន៍រដ្ឋ CCTV អាជ្ញាធរក្នុងតំបន់ បានបញ្ចុះបញ្ចូលមនុស្សប្រហែល ៧ ០០០នាក់ រួចហើយមិនឱ្យចាកចេញពីទីក្រុង៕
ប្រែសម្រួលៈ ណៃ តុលា