បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ី ចង់បញ្ចៀសជម្លោះ ជាមួយប្រទេសអ៊ុយក្រែន និងលោកខាងលិច ប៉ុន្តែត្រូវការឲ្យមានការឆ្លើយតបភ្លាមៗ ពីសហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត ចំពោះការទាមទារ របស់រុស្ស៊ីឲ្យមានការធានាសន្តិសុខ។
លោក ពូទីន បានធ្វើការឆ្លើយតបនឹងសំនួរជាច្រើន ស្តីពីហានិភ័យនៃជម្លោះជាមួយប្រទេសអ៊ុយក្រែន នៅក្នុងអំឡុងសន្និសីទកាសែតប្រចាំឆ្នាំររបស់លោក ដែលប្រព្រឹត្តទៅអស់រយៈពេលជាង៤ម៉ោង នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News។
លោកប្រធានាធិបតីនៃប្រទេសរុស្ស៊ីរូបនេះ បានមានប្រសាសន៍ប្រាប់ដល់ អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “នេះមិនមែនជាជម្រើស ដែលយើងចង់បាននោះទេ យើងមិនចង់បាន (ជម្លោះ) នេះ”។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងក្រុមប្រទេសទាំង៧ (G7) នាពេលថ្មីៗនេះ បានធ្វើការព្រមានចំពោះលោក ពូទីនថា លោកនឹងប្រឈមមុខនឹងផលវិបាកដ៏ធំ រួមមានទាំងទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ក្នុងករណីមានការឈ្លានពានរុស្ស៊ីថ្មីណាមួយ៕
ប្រែសម្រួល៖ប៉ាង កុង