ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។ នេះបើយោងតាមហ្វរសប៊ុកផេក របស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។
សម្ដេច ទៀ បាញ់ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ថាក្រុមការងារពាក់ព័ន្ធបានចុះធ្វើការត្រួតពិនិត្យ ចុងក្រោយ លើការងារត្រៀមរៀបចំគ្រប់ផ្នែក សម្រាប់ពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា អគាររដ្ឋបាលសាលាប្រជុំទីស្ដីការក្រសួងការពារជាតិថ្មី ដែលបានសាងសង់នេះ មានទទឹងប្រវែង ២៨ ម៉ែត្របណ្ដោយប្រវែង ១៩១ ម៉ែត្រកម្ពស់ ៣២ ម៉ែត្រនិងមានចំណតរថយន្តនៅជាន់ក្រោមដី មួយជាន់ ដែលអាចចតរថយន្តបានចំនួន ១៥០ គ្រឿង ។ ក្នុងអគាររដ្ឋបាល-ទីស្តីការក្រសួងការពារជាតិថ្មីនេះ បានរៀបចំទីកន្លែងទទួលបដិសណ្ឋារកិច្ច បណ្តាប្រតិភូថ្នាក់ជាតិ និង អន្តរាជាតិ ធ្វើពិធីត្រួតពល កងកិត្តិយស កងត្រែទ័ព នៅក្នុងអគារ ពេលមានភ្លៀងធ្លាក់ ។ ក្រៅពីនេះ មានរៀបចំជាបន្ទប់ប្រជុំតូច-ធំ រៀបចំជាបន្ទប់សវនាការ តូច- ធំ រៀបចំទីធ្លាសន្និសីទកាសែត និងសាលប្រជុំធំមួយដែលមានសមត្ថភាពអាចទទួលអ្នកចូលរួមប្រជុំបាន ១ ពាន់នាក់ សំរាប់ការប្រជុំថ្នាក់ជាតិ និង អន្តរជាតិ ផងដែរ៕