ព័ត៌មានជាតិ

ស.ស.យ.ក ណែនាំបេក្ខជនថែរក្សាសុខភាព និងផ្ដោតអារម្មណ៍លើ ការប្រឡង បាក់ឌុប

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានណែនាំបេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវថែរក្សាសុខភាព និងផ្ដោតអារម្មណ៍លេីការប្រឡង ដើម្បីទទួលបានជោគជ័យ ក្នុងការប្រឡង។

យោងតាមសារតេឡេក្រាមរបស់ ស.ស.យ.ក នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា «ថ្ងៃស្អែក ជាថ្ងៃប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២០២១-២០២២ ក្រុមគ្រួសារ ស.ស.យ.ក សូមជូនពរប្អូនៗបេក្ខជនប្រឡងទាំងអស់ទទួលបានជោគជ័យក្នុងការប្រឡង និងទទួលបានលទ្ធផលល្អគ្រប់ៗគ្នា»។

ស.ស.យ.ក បន្ដថា បើទោះបីជាឆ្នាំសិក្សា២០២១-២០២២ នេះមានការលំបាកដោយមិនបានសិក្សាផ្ទាល់នៅក្នុងថ្នាក់រៀនដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ តែបេក្ខជន បាន និងបន្ដខិតខំពង្រឹងសមត្ថភាពដោយស្វ័យសិក្សាបន្ថែម។ ភាពជោគជ័យរបស់បេក្ខជនម្នាក់ៗ ជាភាពជោគជ័យនៃការអភិវឌ្ឍន៍សង្គមជាតិទៅថ្ងៃអនាគត។

ស.ស.យ.ក បានបញ្ជាក់ទៀតថា «សូមប្អូនៗ បេក្ខជនទាំងអស់ថែរក្សាសុខភាព និងផ្ដោតអារម្មណ៍ចំពោះការប្រឡងឲ្យបានល្អ ដើម្បីទទួលបានជោគជ័យក្នុងការប្រឡងនេះ»។

សូមបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ (បាក់ឌុប)នេះ មានរយៈ ពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះតទៅ ហេីយមានមណ្ឌលប្រឡងសរុប ២០៤មណ្ឌល ត្រូវជា ៤៦១៦បន្ទប់ បេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤១៨៣ ស្រី៦០៣៩៧នាក់ គណៈមេប្រយោគ និងគណៈកម្មការនានាចូលរួមក្នុងដំណើរការប្រឡងមានចំនួន ៣១៤៣២នាក់៕

To Top