ព័ត៌មានជាតិ

អ្នកនាំចេញ អាចនឹងខាតបង់រហូតដល់ ១៧៥លានដុល្លារ ប្រសិនបើរថយន្តកុងតឺន័រ ៦ ២០០ គ្រឿង នៅតែជាប់គាំង នៅព្រំដែនវៀតណាម-ចិន

បរទេស៖ សមាគម បានប៉ាន់ប្រមាណថា អ្នកនាំចេញអាចខាតបង់ប្រាក់ពី ៣ ទៅ៤ទ្រីលានដុង ដែលស្មើនឹង ១៣១ ទៅ១៧៥លានដុល្លារ ប្រសិនបើរថយន្តកុងតឺន័រចំនួន ៦ ២០០ គ្រឿង នៅតែជាប់គាំងនៅព្រំដែន វៀតណាម-ចិន បន្តទៀត។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានសមាគមផ្លែឈើវៀតណាម លោក Dang Phuc Nguyen បានប្រាប់ VnExpress ថា ឡានដឹកទំនិញជាធម្មតា ដឹកទំនិញដែលមានតម្លៃពី ៥០០ ទៅ ៩០០ លានដុង ហើយចំណាយលើការជួលឡានដឹកទំនិញ និងជួលអ្នកបើកបរអាចកើនឡើង ១០០ លានដុងបន្ថែមទៀត ហើយបូកទាំងការចំណាយផ្សេងៗទៀត។

លោកបន្តថា នេះមានន័យថា ការខាតបង់អាចប៉ះពាល់ដល់ ៣-៤ ទ្រីលានដុង ប្រសិនបើផ្លែស្រកានាគ ខ្នុរ ឪឡឹក និងស្វាយ ក្លាយទៅជារលួយដោយសារការយឺតយ៉ាវ។

គិតត្រឹមថ្ងៃទី ២១ ខែធ្នូ មានរថយន្តកុងតឺន័រចំនួន ៦ ២០០ គ្រឿងបានជាប់គាំងនៅព្រំដែនជាមួយប្រទេសចិន ដែលក្នុងនោះមាន ៤ ៤០០ គ្រឿងនៅក្នុងខេត្ត Lang Son, នេះបើយោងតាមគយវៀតណាម។

អ្នកនាំចេញត្រូវជាប់គាំង នៅចន្លោះថ្ម និងកន្លែងពិបាក៖ ពួកគេមិនអាចឆ្លងព្រំដែនទៅលក់ក្នុងប្រទេសចិនបានទេ ប៉ុន្តែការវិលត្រឡប់ទៅលក់ក្នុងស្រុកវិញ ក៏ទំនងជានឹងធ្វើឱ្យមានការខាតបង់ធំ ដូចគ្នាដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top