ព័ត៌មានអន្តរជាតិ

ផ្សែងបានភាយពេញមេឃ ដោយសារបន្ទុះភ្នំភ្លើង Nevado del Ruiz នៅកូឡុំប៊ី បង្កផលប៉ះពាល់ដល់ ជើងហោះហើរជាច្រើន

ប៊ូហ្គូតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ថា ទិសដៅនៃជើងហោះហើរទៅ និងមកពីរដ្ឋធានីប៊ូហ្គូតា របស់ប្រទេសកូឡុំប៊ី នឹងត្រូវបានផ្លាស់ប្តូរ ដោយសារតែផ្សែងភាយចេញពីភ្នំភ្លើង Nevado del Ruiz ហើយវាអាចបណ្តាលឱ្យមានការពន្យារពេល ។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលរ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ។

ទីភ្នាក់ងារនេះបានលើកឡើង នៅលើបណ្តាញសង្គម Twitter របស់ខ្លួនថា “ដោយសារតែផ្សែងចេញពីភ្នំភ្លើង Nevado del Ruiz ឡើងដល់កម្ពស់២៧.០០០ហ្វីត អាជ្ញាធរអាកាសចរណ៍ស៊ីវិល ដំណឹងថា ចរាចរណ៍ផ្លូវអាកាសទៅ និងមកពីទីក្រុង ប៊ូហ្គូតា និងពីភាគខាងត្បូង និងភាគខាងលិចនៃប្រទេស នឹងត្រូវប្តូរទិស” ។

ទីភ្នាក់ងារនេះក៏បានឲ្យដឹងផងដែរថា ការធ្វើដំណើរអាចនឹងរងផលប៉ះពាល់ ដូច្នេះទីភ្នាក់ងារបាន ស្នើឱ្យអ្នកដំណើរទាក់ទង ក្រុមហ៊ុនអាកាសចរណ៍រៀងៗខ្លួន សម្រាប់ព័ត៌មានបន្ថែម ។

ទីភ្នាក់ងារបានបញ្ជាក់ថា “អាជ្ញាធរអាកាសចរណ៍ស៊ីវិល រួមជាមួយនឹងប្រតិបត្តិករ កំពុងធ្វើការសម្របសម្រួល ដើម្បីកាត់បន្ថយផលប៉ះពាល់ ដែលបាតុភូតធម្មជាតិនេះអាចមានសម្រាប់សុវត្ថិភាពនៃប្រតិបត្តិការផ្លូវអាកាស និងសេវាកម្មដល់អ្នកប្រើប្រាស់” ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top