ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង រំពឹងថា អាមេរិកនឹងឆ្លើយតប ចំពោះការធានាសន្តិសុខ នៅខែក្រោយ

បរទេស៖ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃសុក្រថា ខ្លួនមានក្តីរំពឹងថា សហរដ្ឋអាមេរិកថា នឹងធ្វើការឆ្លើយតបនៅខែក្រោយ ចំពោះសំណើរបស់ទីក្រុងមូស្គូ ឲ្យមានការធានាសន្តិសុខ ដោយបដិសេធមិនទទួល ប្រទេសអ៊ុយក្រែន ឲ្យចូលជាសមាជិក របស់អង្គការសម្ពន្ធមិត្ត យោធាណាតូ។

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ តាមសេចក្តីរាយការណ៍ បានជំរុញលោកខាងលិចឲ្យតម្រូវតាមការទាមទាររបស់លោករុស្ស៊ីភ្លាមៗ ដោយចោទសហរដ្ឋអាមេរិកនិងសម្ពន្ធមិត្ត ពីបទរក្សាវត្តមានយោធា “នៅក្បែររបងផ្ទះរបស់យើង”។

នៅក្នុងអំឡុងសន្និសីទកាសែតមួយ ជាមួយអ្នកសារព័ត៌មាន នាថ្ងៃសុក្រ មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានមានប្រសាសន៍ដូច្នេះថា “ដើម្បីពិភាក្សាគ្នាពីការបំបាត់ភាពតានតឹង យើងរំពឹងថា គូប្រជែងរបស់យើងនៅក្នុងទីក្រុងវ៉ាស៊ីនតោន នឹងផ្តល់ចម្លើយច្បាស់លាស់ ចំពោះសំណើរបស់យើង នៅក្នុងខែមករា”។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ទីក្រុងមូស្គូ បានប្រគល់ឯកសារសន្តិសុខព្រាងមួយ ទាមទារថា អង្គការសម្ពន្ធមិត្តណាតូ ត្រូវតែបដិសេធមិនឲ្យប្រទេសអ៊ុយក្រែននិងអតីតសហភាពសូវៀតផ្សេងទៀត ចូលជាសមាជិក និងដកកងទ័ពសម្ពន្ធមិត្ត នៅក្នុងអឺរ៉ុបកណ្ដាលនិងខាងកើត៕

ប្រែសម្រួល៖ប៉ាង កុង

To Top