ព័ត៌មានអន្តរជាតិ

រុស្ស៊ី ទទួលជោគជ័យ ធ្វើតេស្ដមីស៊ីលលឿនជាងសំឡេង

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសកាលពីថ្ងៃសុក្រថា ប្រទេសរុស្សី បានធ្វើការបាញ់បង្ហោះដោយជោគជ័យ នូវមីស៊ីលល្បឿនលឿន ជាងសំឡេង Tsirkon នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

ទីភ្នាក់ងារសារព័ត៌មាន RIA Novosti បានរាយការណ៍ដោយដកស្រង់សម្តីរបស់លោកប្រធានាធិបតីនៅក្នុងកិច្ចប្រជុំរួមគ្នានៃក្រុមប្រឹក្សារដ្ឋ និងក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងអប់រំថា “ការបាញ់បង្ហោះប្រព័ន្ធមីស៊ីលល្បឿនលឿន Tsirkon ត្រូវបានអនុវត្តកាលពីយប់មិញ ហើយព័ត៌មាននឹងកាន់តែច្បាស់នៅព្រឹកនេះ” ។

នៅក្នុងនោះដែរ លោក បាន បន្ថែម ថា “នេះ ជាកាំជ្រួចចុងក្រោយបំផុត របស់យើង ដែលអាចបាញ់បាន ទាំងគោលដៅជើងទឹក និងលើដី “។

លោកពូទីន បានលើកឡើងថា “ការសាកល្បង ត្រូវបានអនុវត្តដោយជោគជ័យ ដោយគ្មានកំហុសឡើយ។ នេះគឺជាព្រឹត្តិការណ៍ ដ៏អស្ចារ្យមួយសម្រាប់ប្រទេសនេះ និងជាជំហានដ៏សំខាន់មួយ ក្នុងគោលបំណង ពង្រឹងសន្តិសុខរបស់រុស្ស៊ី ធ្វើឱ្យប្រសើរឡើង នូវសមត្ថភាព ការពាររបស់ខ្លួន” ។

មេដឹកនាំរុស្ស៊ី បានអបអរសាទរ និងថ្លែងអំណរគុណ ចំពោះក្រុមអ្នកអភិវឌ្ឍន៍ វិស្វករ និងអ្នករចនា ដែលធ្វើការលើប្រព័ន្ធមីស៊ីលលឿនជាងសំឡេង។ លោក បានឲ្យដឹងកាលពីដើមខែវិច្ឆិកាថា ការសាកល្បងកាំជ្រួចនេះ ជិតរួចរាល់ហើយ ហើយនឹងបំពាក់អាវុធ ដល់កងទ័ពជើងទឹក នៅឆ្នាំក្រោយ៕

ដោយ ឈូក បូរ៉ា

To Top