ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី អំពាវនាវ រួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង កុំឲ្យឆ្លងចូលក្នុងសហគមន៍

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវរួបរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង កុំឲ្យឆ្លងចូលក្នុងសហគមន៍ ហើយពលរដ្ឋកុំភ័យស្លន់ស្លោរចំពោះមេរោគនេះ។

ក្នុងពិធីទទួលវ៉ាក់សាំង Pfizer ជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលីចំនួន ២.៣លានដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នាថ្ងៃទី២៦ ធ្នូ នេះ កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ប្រភេទអូមីក្រុង ចំនួន១៥ករណី សុទ្ធតែជាករណីនាំចូលតែប៉ុណ្ណោះ។

សម្ដេចតេជោ បន្ដថា នៅកម្ពុជា ស្ទើរតែគ្មានករណីឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក៏ប៉ុន្ដែប្រភេទអូមីក្រុង បានរាតត្បាតដល់ប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី២៦ ធ្នូ ចំនួន៣១ករណីហើយ។ សម្ដេច ថា ក្នុងចំណោម ៣១កណីនេះ មានចំនួន ៣ករណី បានជាសះស្បើយ។ សម្ដេច អំពាវនាវឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអូមីក្រុង ប៉ុន្ដែមិនត្រូវភ័យស្លន់ស្លោរឡើយ។

សម្ដេចតេជោ មានប្រសាសន៍ថា «សូមឲ្យប្រជាពលរដ្ឋរបស់យើង ត្រូវមានការប្រុងប្រយ័ត្ន ក៏ប៉ុន្ដែមិនត្រូវភ័យស្លន់ស្លោនោះទេ យើងត្រូវរួមគ្នាដើម្បីទប់ស្កាត់ជាមួយនឹងការឆ្លងនូវមេរោគនេះ (មេរោគអូមីក្រុង) ចូលទៅក្នុងសហគមន៍។ នៅលើពិភពលោក មានការឆ្លងជំងឺនេះ នៅប្រទេជាច្រើនរួមមកហើយ ក៏ប៉ុន្ដែជំងឺនេះមិនសហាវ ដូច ដែលតា នោះទេ គឺអាចព្យាបាលបាន។ ប៉ុន្ដែអ្វីដែលសំខាន់ប្រទេសរបស់យើង ពេលនេះសុទ្ធសឹងតែចូលមកតាមច្រកព្រលានយន្ដហោះ ទាំងនៅភ្នំពេញ ទាំងនៅសៀមរាប ដូច្នេះយើងកំពុងគ្រប់គ្រងស្ថានការណ៍នេះ មិនទាន់ឲ្យធ្លាយចូលក្នុងសហគមន៍»។

សម្ដេចតេជោ បានឲ្យដឹងថា ប្រភេទអូមីក្រុង ឆ្លងលឿនជាង ប្រភេទដែលតា និងអាល់ហ្វា។ សម្ដេច សង្ឃឹមថា អូមីក្រុង មិនហៀរចូលក្នុងសហគមន៍ ដូចជា ៖ ដែលតា និងអាល់ហ្វា នោះទេ៕

To Top