ភ្នំពេញ ៖ រដ្ឋាភិបាលអូស្រ្តាលី បានប្តេជ្ញាបន្តនៅជាមួយកម្ពុជា ដើម្បីឆ្លើយតបនឹងការរាតត្បាតជំងឺកូវីដ-១៩ ក្នុងការធានាសុវត្ថិភាព និងវិបុលភាពប្រជាជន នៃប្រទេសទាំងពីរ។
យោងតាមសេចក្តីប្រកាសរបស់ ស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា ស្តីពីការផ្តល់ជំនួយវ៉ាក់សាំងរបស់រដ្ឋាភិបាលអូស្រ្តាលី ចំនួន២.៣៥លានដូស ដល់ប្រទេសកម្ពុជា នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា «អូស្ត្រាលី នឹងបន្តនៅជាមួយកម្ពុជា ធ្វើការឆ្លើយតបទៅនឹងជំងឺរាតត្បាតជាសកលនេះ។ យើងនៅតែប្ដេជ្ញាចិត្ត ក្នុងការធ្វើការជាមួយគ្នា ដើម្បីធានាសុវត្ថិភាព និងវិបុលភាពរបស់ប្រជាជនយើង ប្រទេសយើង និងក្នុងតំបន់ទាំងមូល»។
លោក Andreas Zurbrugg ភារធារីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានថ្លែងថា អូស្ត្រាលី មានមោទនភាពក្នុងការគាំទ្រដល់ប្រទេសកម្ពុជា ដោយធ្វើការផ្តល់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ Pfizer-BioNTech ចំនួន ២,៣៥លានដូស។ ការបរិច្ចាកវ៉ាក់សាំងនេះ ជាលើកទីមួយហើយ ដែលវាក់សាំង Pfizer-BioNTech នឹងត្រូវបានប្រើប្រាស់ក្នុងចំនួនច្រើនបែបនេះ នៅកម្ពុជា។
លោក បន្ដថា អូស្ត្រាលីយល់ថា យុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយជោគជ័យ គឺទាមទារឲ្យមានការធ្វើផែនការ ការគ្រប់គ្រង សម្ភារៈបរិក្ខា ការចែកចាយ និងការបណ្តុះបណ្តាល ដើម្បីធានាថា គ្រប់គ្នាត្រូវបានការពារ រួមទាំងអ្នកដែលងាយរងគ្រោះ និងប្រជាជនដែលនៅឆ្ងាយពិបាកទៅដល់ផងដែរ។
លោក បញ្ជាក់ថា «នេះជាមូលហេតុដែលយើងបានផ្តល់កញ្ចប់ជំនួយដ៏ទូលំទូលាយ ដើម្បីគាំទ្រដល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមរយៈជំនួយឥតសំណងដែលមានថវិកាចំនួន២៨លានដុល្លារអាមេរិក។ បន្ថែមពីលើវ៉ាក់សាំង Pfizer BioNTech ជំនួយរបស់អូស្ត្រាលីក៏កំពុងជួយបណ្តុះបណ្តាលបុគ្គលិកសុខាភិបាល ព្រមទាំងផ្តល់ ការគាំទ្រផ្នែកដឹកជញ្ជូន និងសម្ភារៈបរិក្ខារផងដែរ»៕