ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្ដេជ្ញាចិត្តមិនឲ្យគេហៅសញ្ញាបត្របាក់ឌុបឆ្នាំសិស្សា២០២១ ជាសញ្ញាបត្រកូវីដ-១៩ឡើយ នាំឲ្យសិស្សកាន់តែបាក់ទឹកចិត្ត ដូច្នេះសញ្ញាបត្រឆ្នាំនេះ ដូចឆ្នាំមុនៗ ដែលមានតម្លៃគោរតាមគោលការណ៍របស់ក្រសួង។
ក្នុងឱកាសអញ្ជើញកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅវិទ្យាល័យព្រះស៊ីសុវត្ថិ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ លោក ហង់ជួន ណារ៉ុន បានថ្លែងថា ជាការគិតណាស់ ក្រសួងបានបិទសាលាជាបណ្ដុះអាសន្ន ប៉ុន្ដែក៏ផ្ដល់អាទិភាពដល់សិស្សានុសិស្សថ្នាក់ទី៩ និងទី១២ រៀន ដូច្នេះពួកគាត់ត្រូវខំប្រឹងប្រែងរៀនសូត្រ ទាំងរៀនតាមអនឡាញ និងរៀននៅសាលាផ្ទាល់។
លោក បន្ដថា នៅពេលក្រសួងអប់រំ បើកដំណើរការសាលារៀនឡើងវិញ ក្នុងរយៈពេល៤ខែ កន្លងទៅ ក្រសួង ក៏ផ្ដល់អាទិភាពដល់សិស្សថ្នាក់ទី៩ និងទី១២ ជាចំបង ក្នុងការរៀនសូត្រសម្រាប់ត្រៀមប្រឡង។
លោក បញ្ជាក់ថា «ដូច្នេះសិស្សថ្នាក់ទី៩ និងទី១២ គាត់មានឱកាសច្រើន ក្នុងការរៀនឡើងវិញ ហើយយើងក៏មិនបង្កើតឲ្យសិស្សថ្នាក់ទី១២ ដែលប្រឡងឆ្នាំនេះ មានភាពតូចចិត្តថា គេបង្អាប់គាត់ថា សញ្ញាបត្រឡើយ យើងមិនចង់ឲ្យមានហៅថា ការរើសអើងក្ដី ឬហៅថា អារម្មណ៍មួយដែលគេហាក់បីដូចជាឆ្នាំនេះ អនជាងឆ្នាំមុនៗ អីជាដើម។
លោក បន្ថែមថា ក្រសួងអប់រំ ធ្វើយ៉ាងណាមិនឲ្យក្រុមហ៊ុន ឬមួយសាលារៀន រើសអើងសញ្ញាបត្រសិស្សាឆ្នាំ២០២១ឡើយ ដូច្នេះក្រសួងនឹងបង្កលក្ខណៈជូនពួកគាត់ ធ្វើឲ្យសញ្ញាបត្រដ៏មានតម្លៃ។
លោករដ្ឋមន្ដ្រី បញ្ជាក់ទៀតថា «ដូច្នេះក្រសួងមានគោលដៅថា សិស្សនេះត្រូវបង្កលក្ខណៈឲ្យគាត់ ដោយសារគាត់ជួបប្រទះបញ្ហាទាំងជីវភាព ទាំងការលំបាក ក្នុងការរៀនសូត្ររួចមកហើយ ចឹងបើមានបន្ទុកមួយទៀតថា សញ្ញាបត្រឆ្នាំនេះអន់ សញ្ញាបត្រកូវីដ ធ្វើឲ្យសិស្សហ្នឹងកាន់តែបាក់ យើងមិនចង់បង្កើតជាចិត្តសាស្ដ្រមួយ ដើម្បីឲ្យគាត់បានបាក់ទេ ដូច្នេះសញ្ញាបត្រឆ្នាំនេះ ដូចសញ្ញាបត្រឆ្នាំមុនៗដែរ គឺជាសញ្ញាបត្រមួយដែលមានតម្លៃ ដែលគោរពតាមគោលការណ៍របស់ក្រសួង គឺគោលការណ៍ច្បាប់ គោលការណ៍យុត្តិធម៌ គោលការណ៍តម្លាភាព និងគួរឲ្យទុកចិត្តបាន»។
នាឱកាសនោះ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ចំពោះបេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០២១នេះ មានចំនួនទិចជាងឆ្នាំមុន ដោយសារឆ្នាំមុន ក្រសួងឲ្យជាប់ដោយស្វ័យប្រវត្ត ដូច្នេះធ្វើឲ្យចំនួនបេក្ខជនប្រឡងស្វ័យរិនឆ្នាំ២០២១ មានចំនួនធ្លាក់ចុះ ដោយឡែកចំនួនបេក្ខជនជាសិស្ស មានចំនួនប្រហាក់ប្រហែល ដូចឆ្នាំមុនៗដែរ។
សូមបញ្ជាក់ថាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២១នេះ មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ធ្នូ មានមណ្ឌលប្រឡង ចំនួន២០៤មណ្ឌល ត្រូវជា ៤៦១៦បន្ទប់ បេក្ខជនចុះឈ្មោះប្រឡង ចំនួន១១៤១៨៣ ក្នុងនោះ ស្រី ចំនួន៦០៣៩៧នាក់ ដោយឡែក គណៈមេប្រយោគ និងគណៈកម្មការនានាចូលរួមក្នុងដំណើរការប្រឡង ចំនួន៣១៤៣២នាក់៕